Meta, Snap, TikTok និង YouTube យល់ព្រមបង់ប្រាក់សរុបជាង ២៧លានដុល្លារទៅកាន់សាលារៀនមួយកន្លែង ជុំវិញករណីបណ្តឹងចោទប្រកាន់ថា បណ្តាញសង្គមទាំងអស់នេះបានធ្វើឱ្យក្មេងសិស្សសាលាមានបញ្ហាសតិអារម្មណ៍
អាមេរិក៖ ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមធំៗមួយចំនួន ដូចជា Meta, Snap, TikTok និង YouTube យល់ព្រមបង់ប្រាក់សរុបជាង ២៧លានដុល្លារ ទៅកាន់សាលារៀនមួយកន្លែង ដើម្បីដោះស្រាយករណីបណ្តឹងដែលបានចោទប្រកាន់ថា បណ្តាញសង្គមទាំងអស់នេះបានធ្វើឱ្យក្មេងសិស្សសាលាមានបញ្ហាសតិអារម្មណ៍។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែឧសភា បានបញ្ជាក់ថា សាលារៀនដែលជាដើមបណ្តឹងក្នុងករណីខាងលើនេះ គឺជាសាសារៀននៅតំបន់ដាច់ស្រយាលមួយកន្លែងក្នុងរដ្ឋ Kentucky ភាគខាងត្បូង សហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា ក្នុងការដោះស្រាយករណីបណ្តឹងដ៏ចម្រូងចម្រានេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម Facebook និង Instagram យល់ព្រមបង់ប្រាក់ចំនួន ៩លានទៅកាន់សាលារៀន ពោលគឺច្រើនជាងក្រុមហ៊ុនផ្សេងៗទៀត។ ក្រុមហ៊ុន Snap និងក្រុមហ៊ុន TikTok យល់ព្រមបង់ប្រាក់ម្នាក់ ៨លានដុល្លារ ខណៈ YouTube ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Google ត្រូវបង់ប្រាក់ជាង ២លានដុល្លារ។ សូមបញ្ជាក់ជូនថា ក្រៅតែពីពាក្យបណ្តឹងរបស់សាលារៀនខាងលើនេះ ក៏មានសាលារៀនជាង ១,៣០០កន្លែងផ្សេងទៀតបានដាក់ពាក្យបណ្តឹងដូចគ្នានេះដែរ ពោលគឺចោទប្រកាន់ថា បណ្តាញសង្គមធំៗខាងលើនេះបានធ្វើឱ្យក្មេងសិស្សសាលាញៀន និងបានបង្កើតឱ្យមានវិបត្តិសុខភាពផ្លូវចិត្តយ៉ាងខ្លាំងក្នុងចំណោមសិស្សវ័យជំទង់ ហើយវាក៏បានបំផ្លាញធនធានសាលារៀនផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time