Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហួត ហាក់៖ ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែន មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងកម្ពុជា និងឥណ្ឌា

    BY Liny Chan June 3, 2026
    ឯកឧត្តម ហួត ហាក់៖ ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែន មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងកម្ពុជា និងឥណ្ឌា

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងឱកាសនៃពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ដែលបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាដោយមានការចូលរួមពីឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាន់ខ្ពស់ក្រសួង និងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ពីធនាគារ និងវិស័យឯកជន និងភ្ញៀវកិត្តិយសជាច្រើនរូប។

    ក្នុងឱកាសនៃកម្មវិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតឥណ្ឌា ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។

    ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឆ្លងដែននេះ មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ប្រជាជន អាជីវកម្ម និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។

    ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យដ៏ទំនើប ធន់ និងមានភាពប្រកួតប្រជែង ដែលជាវិស័យត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា។

    ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែនរវាងប្រទេសទាំងពីរនេះ ដែលនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ គាំទ្រដល់អាជីវកម្មទេសចរណ៍ និងជំរុញការកសាងសេដ្ឋកិច្ចឌីជីថលដែលមានភាពតភ្ជាប់ និងបរិយាបន្ន និងជាការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។ បន្ថែមពីលើនេះ ប្រព័ន្ធទូទាត់ UPI/QR ឆ្លងដែននេះ ក៏នឹងជួយលើកកម្ពស់បទពិសោធការធ្វើដំណើរដ៏រលូនរបស់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា និងបង្កើតឱកាសថ្មីៗ សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា តាមរយៈការបង្កើនចំនួនភ្ញៀវទេសចរ ការពង្រឹងការតភ្ជាប់ជើងហោះហើរ ការលើកកម្ពស់ទេសចរណ៍សាសនា និងសុខុមាលភាព ព្រមទាំងការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

    សូមជម្រាបជូនថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២.០០០នាក់ ហើយរំពឹងថាចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត តាមរយៈការពង្រឹងការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការអនុវត្តគំនិតផ្តួចផ្តើមថ្មីៗ ដែលជួយបង្កើនភាពងាយស្រួល និងបទពិសោធរបស់ភ្ញៀវទេសចរ ជាពិសេសព្រឹត្តការណ៍យោគៈអន្តរជាតិដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: