Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពាណិជ្ជកម្មកម្ពុជាជាមួយប្លុក RCEP កើនឡើងលើស២៤ពាន់លាន ដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ

    BY Liny Chan July 21, 2026
    ពាណិជ្ជកម្មកម្ពុជាជាមួយប្លុក RCEP កើនឡើងលើស២៤ពាន់លាន ដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកនៃ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេច បានទឹកប្រាក់រហូតដល់ ២៤,៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាស ទី១ ឆ្នាំ២០២៦នេះ ដែលតួលេខនេះមាន​ការកើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    បើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយ:ពេល ៦ខែដើមឆ្នាំនេះ ការនាំចេញ​ទំនិញរបស់​កម្ពុជាទៅ កាន់បណ្តាប្រទេសសមាជិក RCEP សរុបជាទឹកប្រាក់ ៥,៦៣ពាន់លាន ដុល្លារ ពោលគឺកើនឡើង ១១,៨ ភាគរយ ខណៈការនាំចូលត្រឡប់មក វិញ មានទំហំទឹកប្រាក់ ១៨,៨ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ។

    របាយការណ៍ដដែលបានគូសរំលេចថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីដ៏ធំមួយនេះ នៅតែជាទីផ្សារស្នូលយ៉ាងសំខាន់របស់កម្ពុជា ដោយ បានក្តាប់យកទំហំពាណិជ្ជកម្មជិត ៦៤ភាគរយ នៃបរិមាណពាណិជ្ជកម្ម សរុបរបស់កម្ពុជាជាមួយពិភពលោក ដែលមាន​តម្លៃសរុប ៣៨,២ពាន់ លានដុល្លារ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៦នេះ។

    ក្នុងចំណោមសមាជិកទាំងអស់ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជានៃRCEP រួមមាន ចិន វៀតណាម សិង្ហបុរី ជប៉ុនជាដើម។

    កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ដ៏ធំ​មួយនៅលើពិភពលោក បន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់​ក្នុង​ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា លើកកម្ពស់​ការនាំ​ចេញក្នុងរយៈ​ពេលវែង ព្រមទាំងទាក់ទាញលំហូរការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់កម្ពុជាបន្ថែមទៀត។

    គួររំលឹកផងដែរថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាល​ពីឆ្នាំ២០២២ ដោយប្រមូលផ្តុំប្រទេសចំនួន ១៥ នៅក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក រួមមានប្រទេសសមាជិកអាស៊ានទាំង ១០ (លើកលែងតែ​ទីម័រឡេស្តេ) និងប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន ៥ ទៀត គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: