កម្ពុជា អំពាវនាវដល់អាស៊ានធ្វើយ៉ាងណាគាំទ្រឲ្យជនភៀសសឹកកម្ពុជាវិលត្រឡប់ទៅផ្ទះសម្បែងពួកគាត់វិញដោយគ្នានការរារាំង
នៅក្នុងកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលបានធ្វើ ឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៦នេះ ប្រមុខការទូតកម្ពុជាបានអំពាវនាវ ឲ្យសហការីអាស៊ានទាំងអស់គាំទ្រការអំពាវនាវឲ្យជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបជាមួយបណ្តារដ្ឋមន្រ្តីការ បរទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈ កម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីផលវិបាកនៃស្ថានភាពសិទ្ធិមនុស្ស របស់ជនស៊ីវិលកម្ពុជា ដែលបានកំពុងប្រឈម ដោយសារការឈ្លានពានរបស់យោធាថៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិល កម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។
នៅចំពោះមុខរដ្ឋមន្រ្តីបណ្តាប្រទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា មានជនស៊ីវិលកម្ពុជាច្រើនជាងពីរម៉ឺននាក់បន្តរស់នៅក្នុង ជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរានិងជនងាយរង គ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយនោះ។
ក្នុងន័យនេះប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការអំពាវនាវឲ្យពួកគាត់ វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរជាដើមផងដែរ៕




ប្រភព៖ ក្រសួងព័ត៌មាន