៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់ខ្លួនជនបរទេស Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប២៨.៥១២ទីតាំង ដោយបានពិនិត្យលើមនុស្សសរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
តាមលោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចចម្រុះក៏បានដាក់ពង្រាយកម្លាំងត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោតលើរាល់យានយន្តទាំងឡាយណាដែលសង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថាក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ចបានពិនិត្យលើយានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន២១.២២៥លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ ឬលិខិតស្នាមផ្សេងៗតាមខ្លួនសរុប ២.៣៤០នាក់ មាន ២០ សញ្ជាតិ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ត្រឡប់ទៅប្រទេសកំណើតវិញ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ក្នុងអំឡុងពេលចុះប្រតិបត្តិការ អាជ្ញាធរមានសមត្ថកិច្ចក៏បានរកឃើញ និងសម្រេចផាកពិន័យលើម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យលេខ០៣ ជាទឹកប្រាក់សរុប៧ប៊ីលាន ៧៦៣.២០០.០០០រៀល។ ក្នុងនោះរួមមាន ផាកពិន័យតាមមាត្រា១៩ ជាទឹកប្រាក់ចំនួន ២៦.៤០០.០០០រៀល និងផាកពិន័យតាមមាត្រា២០ ជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល៕
ប្រភព៖ ក្រសួងព័ត៌មាន