អាមេរិកប្រកាសប្រមូលស៊ុតមាន់ ១៩លានគ្រាប់ពីតាមទីផ្សារមកវិញ ក្រោយសង្ស័យថាស៊ុតទាំងនោះមានផ្ទុកបាក់តេរី
អាមេរិក៖ អាជ្ញាធរអាមេរិកប្រកាសប្រមូលស៊ុតមាន់ប្រមាណជា ១៩លានគ្រាប់ពីតាមទីផ្សារត្រលប់មកវិញ ក្រោយសង្ស័យថាស៊ុតទាំងនោះមានផ្ទុកបាក់តេរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ស៊ុតមាន់ទាំងអស់នោះគឺជាផលិតផលរបស់ក្រុមហ៊ុន Midwest Poultry Services នឹងត្រូវបានចែកចាយរួចរាល់អស់ទៅហើយតាមទីផ្សារនានានៅក្នុងរដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា រដ្ឋចំនួន ៦នោះមានដូចជា រដ្ឋ Texas រដ្ឋLouisiana រដ្ឋ Oklahoma រដ្ឋ Arkansas រដ្ឋ Mississippi និង រដ្ឋ New Mexico។ បើតាមរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានបញ្ជាក់ថា បាក់តេរីដែលត្រូវបានគេសង្ស័យថា មានផ្ទុកនៅស៊ុតមាន់ទាំង ១៩លានគ្រាប់នោះ គឺបាក់តេរីប្រភេទ Salmonella ដែលអាចបង្កឱ្យបញ្ហាសុខភាពមួយចំនួនដូចជា រាគ ក្អួត វិលមុខ គ្រុនក្តៅ និងដួលសន្លប់ជាដើម។ សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការរាតត្បាតបាក់តេរី Salmonella យ៉ាងខ្លាំងនៅក្នុងរដ្ឋចំនួន ១៧ ដែលបានធ្វើឱ្យមនុស្សសរុបចំនួន ៩៨ នាក់ធ្លាក់ខ្លួនឈឺ ហើយនៅក្នុងនោះមានអ្នកជំងឺ ២៦នាក់មានអាការៈធ្ងន់ធ្ងរខ្លាំងរហូតត្រូវបញ្ជូនទៅសម្រាក់នៅមន្ទីរពេទ្យផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express