ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព
ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលប្រើពាក្យសម្ដីជេរប្រមាថលើវីរកងទ័ពជួរមុខ ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។
បើតាមប្រភពខាងលើ បានបញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តបទល្មើសនៅចំណុចបុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៧:០០នាទី ។
ជនសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅស្ថិតនៅបុរី ML ផ្ទះ លេខ១ ផ្លូវ លេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរតាមនីតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ