មន្ដ្រីសុខាភិបាល បន្ដយកសំណាកអាជីវករផ្សារលើខេត្តកំពង់ឆ្នាំង, រកឃើញ១១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩

(កំពង់ឆ្នាំង)៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យសំណាកអាជីវករផ្សារលើ ជាលើកទី២បន្តទៀត ដែលជាលទ្ធផលលើតេស្ដរហ័សក្នុងចំណោមអាជីវករ២៤៨នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់។

លោក ងិន សារ៉េត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេលមួយព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានយកសំណាកលើកទី២ លើអាជីវករចំនួន២៤៨នាក់ ហើយបានរកឃើញវិជ្ជមាន១១នាក់។ ការយកសំណាកលើអាជីវករលើកទី២នេះ គោលបំណងពេលបើកឲ្យដំណើរការផ្សារឡើងវិញ ប្រកបដោយសុវត្ថិភាព ប៉ុន្តែបន្ទាប់ពីទទួលលទ្ធផលវិជ្ជមានអាជីវករ១១នាក់ និងការរកឃើញជាបន្តបន្ទាប់មានចំនួនច្រើននាក់បែបនេះមិនដឹងថា អាចឲ្យដំណើរការបានវិញដែរឬទេ។

ដោយឡែកយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលចេញនៅថ្ងៃទី២២ ខែកក្កដានេះ បញ្ជាក់ថា បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៦នាក់ ក្នុងនោះមានទាំងអាជីវករ មន្ត្រីរាជការ គ្រូបង្រៀន អ្នកអ៊ុតសក់ និងបុគ្គលិកអង្គការ ដែលពួកគាត់ទាំងនោះមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង១៣នាក់, ស្រុកកំពង់លែង១នាក់, ស្រុកជលគីរី៨នាក់, ស្រុកទឹកផុស១៧នាក់ និងស្រុករលាប្អៀរ៨នាក់។

អ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ត្រូវបានយកទៅដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៍, និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្តក៏បានបញ្ជាក់ពីចំនួនអ្នកជាសះស្បើយថ្មីចំនួន៤០នាក់ផងដែរ ដែលបានអនុញ្ញាតឲ្យចេញពីមណ្ឌលព្យាបាល ទៅធ្វើចត្តាឡីស័កនៅលំនៅដ្ឋាន១៤ថ្ងៃទៀត មុននឹងចេញពីផ្ទះ។ ចំពោះអ្នកពាក់ព័ន្ធករណីវិជ្ជមាន រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យទៅពិនិត្យសំណាក នៅមន្ទីរសុខាភិបាល ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតដើម្បីរួមគ្នាទុបស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕ ផ្តល់សិទ្ធិដោយ៖ freshnews