BREAKING: រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារទួលសង្កែ នៅខណ្ឌឫស្សីកែវ ដែលមានការឆ្លងរាលដាលកូវីដ១៩បំប្លែងថ្មី Delta

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលមានការឆ្លងរាលដាលមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់ថា ទីតាំងផ្សារទួលសង្កែនេះ ត្រូវបានបិទខ្ទប់មិនឲ្យមានការចេញ-ចូល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។

រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទៀតថា សន្ដិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល

គណៈកម្មការផ្សារទួលសង្កែ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

ផ្តល់សិទ្ធិដោយ៖ freshnews