ព័ត៌មានជាតិ

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ស្នើអង់គ្លេសបន្តផ្តល់ជំនួយ និងជួយសម្របសម្រួលដល់ការទិញវ៉ាក់សាំង Astra Zeneca ដើម្បីទុកសម្រាប់ការចាក់ដូសទី៣

BY
Khmerpress
August 5, 2021
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ស្នើអង់គ្លេសបន្តផ្តល់ជំនួយ និងជួយសម្របសម្រួលដល់ការទិញវ៉ាក់សាំង Astra Zeneca ដើម្បីទុកសម្រាប់ការចាក់ដូសទី៣

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ចក្រភពអង់គ្លេសបន្តផ្តល់ជំនួយមនុស្សធម៌ជា «វ៉ាក់សាំង» និងជួយសម្របសម្រួលដល់ការ បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Astra Zenceca បន្ថែមទៀត ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការចាក់ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរ។

សំណើនេះត្រូវបានលើកឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញទទួលដោយផ្ទាល់នូវ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេសជូនដល់កម្ពុជា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើចក្រភពអង់គ្លេសផ្តល់ជា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញ វ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត»។

រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត។

ក្នុងពិធីទទួលជំនួយ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អង់គ្លេស សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ។

គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងនៅក្នុងប្រទេស សរុបចំនួនជាង១៩លានដូសហើយ ដោយក្នុងនោះមានទាំងជំនួយផង និងការបញ្ជាទិញផង។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំង ទាំងផ្នែកជំនួយផង និងទាំងផ្នែកការទិញផង ជាង៧លានដូសបន្ថែមទៀត ក្នុងខែសីហា ឆ្នាំ២០២១នេះ។

ចិនជាប្រទេសផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាច្រេីនជាងប្រទេសដទៃ។ មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូសផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: