ព័ត៌មានអន្តរជាតិ April 22, 2021

អូស្ត្រាលីបើកការស៊ើបអង្កេតលើករណីឆ្លងកូវីដ-១៩ ក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក

Khmerpress

(ស៊ីដនី)៖ អាជ្ញាធរក្នុងរដ្ឋចំនួន២របស់ប្រទេសអូស្ត្រាលីបានជំរុញឱ្យបុគ្គលិក និងភ្ញៀវស្នាក់នៅតាមសណ្ឋាគារដែលជាកន្លែងធ្វើចត្តាឡីស័កត្រូវធ្វើតេស្ដរក COVID-19 ជាបន្ទាន់ និងត្រូវនៅដាច់ដោយឡែកពីគេទាំងស្រុង ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីស្វែងរកមូលហេតុពីករណីឆ្លងនៅកន្លែងធ្វើ ចត្តាឡីស័កទាំងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

អូស្ត្រាលីបានបិទព្រំដែនរបស់ខ្លួនចំពោះជនបរទេស ឬអ្នកមិនមែនជាពលរដ្ឋអូស្ត្រាលីអស់រយៈពេលច្រើនជាងមួយឆ្នាំមកហើយ ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរាតត្បាត COVID-19 ហើយបានតម្រូវឱ្យអ្នកដំណើរដែលមកពីបរទេសធ្វើចត្តាឡីស័ករយៈពេល២សប្ដាហ៍នៅក្នុងសណ្ឋាគារផងដែរ។ អាជ្ញាធរក្នុង រដ្ឋ New South Wales (NSW) និងរដ្ឋ Western Australia បាននិយាយថាពួកគេបានរកឃើញហ្សែនដែលទំនងជាមានជាប់ពាក់ព័ន្ធនឹងហ្សែននៃវីរុស ដែលបានចម្លងដល់ភ្ញៀវស្នាក់នៅតាមសណ្ឋាគារមួយចំនួនក្នុងទីក្រុងស៊ីដនី និងទីក្រុង Perth កំឡុងការធ្វើតេស្ដជាប្រចំា។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មាន ការបញ្ជាក់ពីប្រភព ឬមូលហេតុនៃការឆ្លងនៅឡើយទេដោយអាជ្ញាធរកំពុងស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អូស្ត្រាលីគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះមានអ្នកឆ្លង COVID-19 ចំនួន ២៩,៥៨៨នាក់ ក្នុងនោះស្លាប់ ៩១០នាក់ និងជាសះស្បើយឡើងវិញ ២៦,៤៥៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews