ព័ត៌មានអន្តរជាតិ April 24, 2021

ប៉ូលិសជាន់ខ្ពស់ថៃមួយរូបត្រូវបានដកហូត ក្រោយប្រពន្ធបង្ហោះវីដេអូក្នុង TikToK បង្ហាញពីភាពហ៉ឺហារបស់ពួកគេជិះឧទ្ធម្ភាគចក្ររបស់អង្គភាពប៉ូលិសជាតិដើរលេងយ៉ាងសប្បាយក្រៅផ្លូវការ (មានវីដេអូ)

Khmerpress

ថៃ៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ត្រូវបានរដ្ឋាភិបាលថៃសម្រេចដកហូតតួនាទី ក្រោយពេលប្រពន្ធរបស់មន្ត្រីប៉ូលិសជាន់ខ្ពស់រូបនេះបានបង្ហោះវីដេអូដែលពួកគាត់បាននាំគ្នាទៅជិះឧទ្ធម្ភាគចក្ររបស់អង្គភាពប៉ូលិសជាតិថៃដើរលេងយ៉ាងសប្បាយរីករាយនៅក្នុងបណ្តាញសង្គម TikTok។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ប៉ូលិសជាន់ខ្ពស់ថៃរូបនេះមានឈ្មោះថា Akkarapol Yeekoh ជាមន្ត្រីប៉ូលិសទទួលបន្ទុកផ្នែកស៊ើបអង្កេតនៅក្នុងស្នងការប៉ូលិសខេត្ត Udon Thani ភាគខាងជើងនៃប្រទេសថៃ។

តាមរយៈវីដេអូដែលប្រពន្ធរបស់មន្ត្រីប៉ូលិសរូបនេះបានបង្ហោះក្នុងបណ្តាញសង្គមនោះបានបង្ហាញថា ពួកគាត់បាននាំគ្នាទៅជិះឧទ្ធម្ភាគចក្ររបស់អង្គភាពប៉ូលិសថៃយ៉ាងសប្បាយរីករាយនៅក្រៅម៉ោងការងារ ដែលតាមជាក់ស្តែងពួកគាត់គ្មានសិទ្ធប្រើប្រាស់ឧទ្ធម្ភាគចក្រនេះដោយគ្មានការអនុញ្ញាតដើម្បីបម្រើឲ្យផលប្រយោជន៍បុគ្គលនោះទេ ពោលគឺឧទ្ធម្ភាគចក្រត្រូវបានគេទុកប្រើប្រាស់សម្រាប់បម្រើឲ្យកិច្ចការផ្លូវការបស់អង្គភាព ឬកិច្ចការដែលបម្រើនិងការពារសន្តិសុខជាតិប៉ុណ្ណោះ។ សូមបញ្ជាក់ថា វីដេអូខាងលើនេះត្រូវបានថតតាំងពីខែ កញ្ញា ឆ្នាំ ២០១៩ ម្លះ តែទើបត្រូវបានបង្ហោះក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ហើយសកម្មភាពនៅក្នុងវីដេអូនេះគឺបានធ្វើឲ្យប៉ះពាល់កិត្តិយសនៃអង្គភាពប៉ូលិសថៃទាំងមូលយ៉ាងខ្លាំងផងដែរ៕ ដោយ៖ ខ្មែរណូត