ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំណត់យកទិវានយោបាយ ឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ នៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

BY
Khmerpress
January 18, 2022
រាជរដ្ឋាភិបាលកម្ពុជា កំណត់យកទិវានយោបាយ ឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ នៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញសារាចរណែនាំ ស្ដីពីការកំណត់យកទិវានយោបាយ ឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ នៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក។

អស់រយៈ ២៣ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយ ឈ្នះ ឈ្នះ។ ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖

១.គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវកំណត់យកទិវានយោបាយ ឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២តទៅ។

២.គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ ឈ្នះ ដែលមានខ្លឹមសារថា “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!” ។

ទទួលបានសារចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល រាជធានី ខេត្ត ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា

Share This Post: