ព័ត៌មានអន្តរជាតិ May 6, 2021

ក្រុមហ៊ុន Moderna៖ «វ៉ាក់សាំងដូសទី៣មានប្រសិទ្ធភាពបង្កើនអង់ទីករ ប្រឆាំងកូវីដ-១៩បំប្លែងថ្មី មានប្រភពដើមពីអាហ្វ្រិកខាងត្បូង និងប្រេស៊ីល»

Khmerpress

(ញូយ៉ក)៖ ក្រុមហ៊ុន Moderna នៅថ្ងៃពុធនេះ បានបង្ហាញទិន្នន័យធ្វើតេស្ដបឋមលើមនុស្សឲ្យឃើញថា ការចាក់ដូសទី ៣ នៃវ៉ាក់សាំង COVID-19 អាចបង្កើនបរិមាណអង់ទីករ ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមនៅក្នុងប្រទេសប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

បើតាមក្រុមហ៊ុន Moderna វ៉ាក់សាំងដូសទី ៣ ដែលចាក់លើអ្នកស្ម័គ្រចិត្តដែលបានចាក់វ៉ាក់សាំងគ្រប់ ០២ដូសរួចរាល់ ក៏មានសមត្ថភាពបង្កើនអង់ទីករប្រឆាំងនឹងវីរុស COVID-19 ដើមផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Moderna កំពុងធ្វើតេស្ដការចាក់វ៉ាក់សាំងដូសទី ៣ លើអ្នកស្ម័គ្រចិត្តចូលរួម ក្នុងការធ្វើតេស្ដ ៤០នាក់ និងកំពុងអភិវឌ្ឍវ៉ាក់សាំងថ្មីមួយទៀត ប្រឆាំងវីរុសបំប្លែង COVID-19 មានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង ដោយវ៉ាក់សាំងនេះមានឈ្មោះថា mRNA-1273.351។ ក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះក៏កំពុងសិក្សាស្រាវជា្រវដែរការចាក់វ៉ាក់សាំងលាយឡគ្នារវាងបេក្ខភាពវ៉ាក់សាំងថ្មី និងវ៉ាក់សាំងដែល មានស្រាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews