ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

BY
Khmerpress
March 29, 2022
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវប្រសព្វចោមចៅ (អតីតរង្វង់មូលចោមចៅ) ឲ្យបានជ្រាបថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង០៥៖០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ដើម្បីឲ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ៣០ម៉ែត្រ (ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមការបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរជាធម្មតាវិញ ៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: