ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

BY
Khmerpress
March 31, 2022
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

(ភ្នំពេញ)៖ ម្លប់សុខសន្តិភាពដែលក្រាលគ្របលើដែនដីកម្ពុជា បាននាំឱ្យសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ ត្រូវបានលេចរូបរាងជាបន្តបន្ទាប់។ រាជធានីភ្នំពេញ ដែលជាទីក្រុងដ៏សែនស្ងប់ស្ងាត់កាលពីជាង៤០ឆ្នាំមុន បានបង្ហាញនូវវត្តមានស្ពានអាកាស និងផ្លូវក្រោមដីថ្មីមួយទៀតហើយ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាស្ពានអាកាស និងផ្លូវក្រោមដី សាងសង់ឡើងដោយមានផ្លូវប្រទាក់ក្រឡាគ្នាខ្វែងខ្វាត់ជាងស្ពានអាកាស និងផ្លូវក្រោមដី ដែលបានសាងសង់រួចរាល់ដទៃទៀត។

សមិទ្ធផលថ្មីក្នុងដែនដីរាជធានីភ្នំពេញកើតចេញពីម្លប់សុខសន្តិភាពនេះ នឹងត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC)។ គម្រោងស្ពានអាកាស និងផ្លូវក្រោមដីនេះ បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងនេះប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖

* ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។

* ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី ឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។

* ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

បន្ថែមពីលើនេះ គម្រោងក៏បានសាងសង់ផ្លូវ និងផ្លូវក្រោមដីមួយខ្សែទៀត ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លង ទោចក្រយានយន្ត។

គម្រោងក៏បានសាងសង់ផ្លូវក្រោមដីមួយខ្សែ ដែលជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៉ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

សម្រាប់ការបើកបរលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ បានកំណត់ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៨.៥ម៉ែត្រ និងល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង ២លាននាក់។ របាយការណ៍ ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ក្នុងរាជធានីភ្នំពេញ មានជាង ២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង ៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ ២លានគ្រឿង។

កំណើនយានយន្ត កំណើនចរាចរណ៍នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាដើមនៅចំណុចប្រសព្វ ដែលមានការកកស្ទះចរាចរណ៍ខ្លាំង។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាសស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។

តាមរយៈស្ពានអាកាស និងផ្លូវក្រោមដី បានជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងថវិកាផងដែរ។ សមិទ្ធផលទាំងអស់នេះ បានបង្ហាញនូវការប្តេជ្ញាចិត្តមុតមាំ ការប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហារស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេសជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: