ស្អែកនេះ កងទ័ពនឹងបន្តចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់ក្រហម នៅសង្កាត់បឹងកក់ទី២ ខណៈតំបន់ក្រហមផ្សេងៗទៀតនឹងបើកយុទ្ធនាការចាក់ជាបន្តបន្ទាប់
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំង បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ កងពលតូចលេខ៧០ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទី១៧ ភូមិទី២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ខណៈតំបន់ក្រហមផ្សេងៗទៀត នឹងត្រូវបើកយុទ្ធនាការចាក់ជាបន្តបន្ទាប់។ ដោយឡែកសម្រាប់តំបន់ក្រហមមួយទៀត ដែលមាន៤ភូមិ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រួមមានភូមិលេខ១៤ ភូមិលេខ១៦, ភូមិលេខ១៧ និងភូមិលេខ១០នោះ កងកម្លាំងរបស់កងពលតូចលេខ៧០ នឹងបន្តចាក់វ៉ាក់ជូននាថ្ងៃបន្ទាប់ ក្រោយពីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ សង្កាត់បឹងកក់ទី២ រួចរាល់។ នេះជាបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តភារកិច្ចរបស់ក្រុមគ្រូពេទ្យរបស់កងពលតូចអន្តរាគមន៍លេខ១។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនោះគឺរដ្ឋបាលរាជធានីភ្នំពេញ ពីម្សិលមិញ បានស្នើមកសម្តេចពិជ័យសេនា នូវគោលដៅចំណុចក្រហមមួយចំនួនទៀត ឧទារហណ៍ដូចនៅសង្កាត់បឹងកក់ទី២ នៅភូមិទី១៧ ភូមិទី២៣ នៅជិតវត្តនាគវ័ន្ត គាត់បានស្នើឱ្យខាងកងទ័ពចូល…! ខ្ញុំបានរៀបចំកម្លាំងចាក់របស់កងពលតូចលេខ៧០ ឱ្យចូលចាក់នៅទីតាំងខាងលើស្អែក ដោយថ្ងៃនេះកម្លាំងរបស់កងពលតូចលេខ៧០ បានចូលទៅប្រុងប្រៀបស្អែកចាប់ផ្តើមដំណើរការ…! សម្រាប់តំបន់ក្រហមមួយទៀត មាន៤ភូមិ នៅសង្កាត់បឹងសាឡាង មានភូមិលេខ១៤ ភូមិលេខ១៦, ភូមិលេខ១៧ និងភូមិលេខ១០ ខ្ញុំយកកម្លាំងរបស់កងពលតូចលេខ៧០ នៅភូមិជិតវត្តនាគវ័ន្ត ហើយនឹងរើទៅទីតាំងបឹងសាឡាង»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់ការបើកយុទ្ធនាការរបស់កងទ័ព ដើម្បីចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងកក់ទី២នេះ គឺធ្វើឡើងក្រោយមានការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ មកកាន់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា «រដ្ឋបានរាជធានីភ្នំពេញ ក៏បានស្នើសុំកងទ័ពឱ្យចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដូច្នេះ សម្រាប់ទីតាំងសង្កាត់ផ្សារដើមគនេះ គឺត្រូវប្រគល់ឱ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម NPIMIC ដោយបានរៀបចំទីតាំងនៅអតីតរោងកុនចេនឡា ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ស្អែកនឹងដំណើរការនៅតំបន់ក្រហម ដែលរដ្ឋបាលរាជធានីភ្នំពេញបានស្នើ ដូច្នេះយើងនឹងធ្វើជាបណ្តើរៗ»។
ជុំវិញការត្រៀមកម្លាំងកងទ័ព ដើម្បីចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមជាបន្តបន្ទាប់នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់ការចោទជាសំណួររបស់ប្រជាពលរដ្ឋ ក៏ដូចជាសធារណជន ដែលមានចម្ងល់ថា តើតំបន់ក្រហមនៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ប្លុកចំនួន៨អគារ នៅបុរីកីឡា និងនៅសង្កាត់ច្បារអំពៅទី២ (ផ្នែកខ្លះនៃភូមិដើមចាន់) នោះគឺក្រុមការងាររង់ចាំឱ្យមានការស្នើសុំពីអាជ្ញាធររាជធានីភ្នំពេញ មកសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីឱ្យសម្តេចជាអ្នកសម្រេច ក្នុងការបញ្ជូនកងទ័ពចូលទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទាំងនោះ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា បើតាមការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់តំបន់ក្រហមដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវ១៩នោះ នឹងទទួលបានការចាក់វ៉ាក់សាំងឆាប់ៗនេះផងដែរ ព្រោះគោលគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន នឹងនាំយកយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នានៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គិតត្រឹមយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៦០៦,០០៧នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា បានចេញមកបញ្ជាក់ថា ប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលជាតំបន់ប្រឈមការរីករាលដាលជំងឺកូវីដ១៩នោះ គឺចាក់រហូតអស់ប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើចាក់មិនអស់ គឺមិនដកថយជាដាច់ខាត៕ ផ្តល់សិទ្ធិដោយ៖ Freshnews