Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    WHO ប្រកាសអាសន្នជាសកល នៃជំងឺអុតស្វា ខណៈករណីមានការឆ្លងកើនឡើង

    BY Khmerpress July 24, 2022
    WHO ប្រកាសអាសន្នជាសកល នៃជំងឺអុតស្វា ខណៈករណីមានការឆ្លងកើនឡើង

    (ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសៅរ៍នេះ បានប្រកាសអាសន្នជាសកល នូវការផ្ទុះឡើងនៃជំងឺអុតស្វា ដជាការសម្រេចចិត្តដែលគូសបញ្ជាក់ពីការព្រួយបារម្ភ អំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃការឆ្លងមេរោគនេះ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត វ៉ាស៉ីនតោន ប៉ុស្ត (The Washington Post) នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

    ការសម្រេចប្រកាសអាសន្នផ្នែកសុខភាពសាធារណៈជាសកលខាងលើនេះ ត្រូវបានគេរំពឹងថានឹងមានការបង្កើតមូលនិធិថ្មី និងដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យចាត់វិធានការការពារ និងទប់ស្កាត់ ខណៈដែលករណីច្រើនជាង ១៦,៥០០ ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន ៧៥។

    ប្រមុខ WHO លោក តេដ្រូស អាដាណម ហ្គេប្រយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃសៅរ៍នេះយ៉ាដូច្នេះថា «និយាយឱ្យខ្លី, រោគរាតត្បាតដែលបាននឹងកំពុងរីករាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស យើងយល់តិចតួចពេកអំពីបញ្ហានៃជំងឺនេះ»។

    គួរបញ្ជាក់ថា ជំងឺអុតស្វា ឬ Monkeypox បានរីករាលដាលពាសពេញពិភពលោក ក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលពីរខែចុងក្រោយនេះ។ ជំងឺនេះ មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ និងកន្ទួលពាសពេញរាងកាយ ដោយកើតមានអស់ជាច្រើនទសវត្សរ៍មកហើយ និងជាជំងឺរាតត្បាតនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក។ ប៉ុន្តែការឆ្លងក្នុងអំឡុងពេលការផ្ទុះឡើងចុងក្រោយបង្អស់បានកើនឡើងនៅក្នុងប្រទេស ដែលមិនធ្លាប់មានពីមុនមក៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    Share This Post: