ផលិតកម្ម មហាហង្ស ទទួលស្គាល់កំហុស និងស្នើសូមការអភ័យទោសពីមហាជន រឿងរៀបចំ Miss Grand Cambodia
(ភ្នំពេញ)៖ ផលិតកម្ម មហាហង្ស បានប្រកាសទទួលស្គាល់កំហុស និងស្នើសូមការអភ័យទោសពីមហាជន ចំពោះភាពខ្លះចន្លោះមួយចំនួន លើរឿងរៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia 2022) ដែលទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានកោះហៅលោក អ៉ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស មកជួបប្រជុំ ដើម្បីពិនិត្យលើកម្មវិធីប្រកួត បវរកញ្ញាកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
កិច្ចប្រជុំនៅទីស្តីការក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីមក ពីសំណាក់អ្នកសិល្បៈ និងមហាជនរួចមក នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ គេបានឃើញអ្នករៀបកម្មវិធីបានចេញលិខិតសុំទោស ជាសាធារណៈម្តងហើយ នូវរាល់កំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តិ និងបានសម្ដែងការសោកស្ដាយ នូវកំហុសឆ្គងដោយអចេតនានេះ នៅចំពោះមុខមហាជន ទស្សនិកជន ហើយសន្យាថា នឹងធ្វើការកែតម្រូវឲ្យបានល្អប្រសើរឡើងវិញ។ នៅក្នុងលិខិតសុំទោសនោះ លោក អ៉ិន សុភិន ក៏បានសម្រេចកាត់ឈុត ដែលទទួលរងនូវការរិះគន់នេះចោលផងដែរ។
ក្រោយកិច្ចប្រជុំនៅទីស្តីការក្រសួងវប្បធម៌ លោក អ៉ិន សុភិន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងនាមជាអ្នករៀបចំកម្មវិធី គឺលោកមានបំណងផ្សព្វផ្សាយអ្វីដែលល្អៗ សម្រាប់ប្រយោជន៍សង្គមជាតិទាំងមូល ប៉ុន្តែអ្វីដែលបានក្រុមការងាររបស់លោកគិត បែរជាមានភាពខុសឆ្គងទៅវិញ។ ជាក់ស្តែង រឿងយកល្បែងតំណាងឲ្យក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺចង់បង្ហាញសក្តានុពលនៃខេត្តតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា «តាមពិតទៅ ខ្ញុំចង់ផ្សព្វផ្សាយអ្វីដែលល្អពីរបស់កម្ពុជា លើកម្មវិធីមួយនេះ ប៉ុន្តែអ្វីដែលខ្ញុំគិតបែបវិជ្ជមាននោះ បែរជាទទួលបានផលអវិជ្ជមានទៅវិញ។ ការដាក់ផ្ទាំងខាងក្រោយ មានរូបប្រាសាទអង្គរវត្ត គឺជាបំណងចង់លើកស្ទួយតម្លៃវប្បធម៌ខ្មែរ»។
ចំពោះករណីស្លៀកស៉ិចស៉ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឲ្យខេត្តស្ទឹងត្រែង លោកបានបកស្រាយថា ក៏មិនមានបំណងឲ្យបវរកញ្ញាស្លៀកបង្ហាញកេរ្តិ៍ភេទអ្វីដែល ពោលឈុតរាត្រីសមោសរនោះ មានលក្ខណៈបិទបាំងត្រឹមត្រូវ ប៉ុន្តែដោយសារតែពេលបវរកញ្ញាដើរ គួបផ្សំនឹងការថតពីក្រោយ ធ្វើឲ្យមានលក្ខណៈមិនសមរម្យ។ លោកបានសន្យាថា ការរៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា ឆ្នាំក្រោយ នឹងឲ្យមានកំហុសបែបនេះទៀតទេ។
លោក ឡុង ប៉ុណ្ណស៉ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានថ្លែងថា រូបភាពយកល្បែងតំណាងឲ្យក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់កម្មវិធីនោះ ដែលត្រូវបានចែកចាយ ចាប់ពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ គឺជាថ្ងៃសាកល្បងតែប៉ុណ្ណោះ។ ក្រោយមានការរិះគន់ ក្រសួងវប្បធម៌ ក៏បានចុះណែនាំរួចដែរ ហើយនៅថ្ងៃប្រកាសលទ្ធផលផ្លូវការ គឺនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ រូបភាពទាំងនោះត្រូវបានកាត់ចេញ។
មុនរៀបចំកម្មវិធី គឺផលិតករបានធ្វើលិខិតមួយ ដោយបាទស្នើសុំការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការរៀបចំកម្មវិធីប្រកួតនេះ សម្រាប់ឆ្នាំ២០២២ ដើម្បីបង្ហាញនូវសម្រស់ និងភាពវៃឆ្លាតរបស់នារីខ្មែរ។ លើសពីនេះទៅទៀត កម្មវិធីប្រកួតនឹងធ្វើការបង្ហាញអំពីឈុតសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ក៏ដូចជាវប្បធម៌ដ៏រុងរឿង និងវិស័យទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។
ផលិតករក៏សូមស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្តល់តំណាងកិត្តិយសរបស់ក្រសួងមួយរូប អញ្ជើញចូលរួមធ្វើជាគណៈមេប្រយោគក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសកម្ពុជា ដើម្បីត្រួតពិនិត្យ និងជ្រើសរើស កញ្ញាឯកជ័យលាភី ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជាឆ្នាំ២០២២ ដែលរៀបចំកម្មវិធីវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដោយត្រូវជ្រើសរើសជ័យលាភីលេខ១ ចំនួន ១រូប ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រលើឆាកអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៉ី។
ជាការឆ្លើយតប ក្រសួងគាំទ្រជាគោលការណ៍ លើការរៀបចំទាក់ទងដល់ការបង្ហាញជាលក្ខណៈប្រពៃណីជាតិ។ ប៉ុន្តែ ក្រសួងបានប្រាប់ឲ្យធ្វើការពិភាក្សាជាមួយអ្នកជំនាញ ឬក៏ទាក់ទងមកក្រសួង ដើម្បីផ្ដល់យោបល់ឱ្យបានត្រឹមត្រូវ។
លោក ឡុង ប៉ុណ្ណស៉ីរីវត្ថ បានបញ្ជាក់ថា «នៅថ្ងៃសាកល្បងនោះ ផលិតករបែរជាមិនបានសុំយោបល់ពីខាងក្រសួង ទើបធ្វើឲ្យមានបញ្ហា។ បើសិនខាងផលិតករសុំ ក៏ខាងក្រសួងមិនឯកភាព លើការបង្ហាញឈុត មានល្បែងស៉ីសងនោះដែរ»។
បើតាមអ្នកនាំពាក្យក្រសួងវប្បធម៌ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកស្ទួយវិស័យវប្បធម៌ ហើយការផ្តល់សិទ្ធិឲ្យវិស័យឯកជនរៀបចំកម្មវិធីប្រកួតបវរកញ្ញា ជាការរួមចំណែកលើកស្ទួយវិស័យមួយនេះ។ ក្នុងនាមក្រសួងជំនាញ គឺមានយន្តការរដ្ឋបាល ដូចជាណែនាំ និងស្តីបន្ទោស លើផលិតករដែលរៀបចំខុស ហើយបើខុសធ្ងន់ទើបមានវិធានការផ្លូវច្បាប់។
យ៉ាងនេះក្តី ក្រសួងវប្បធម៌ ស្នើសុំមហាជនកុំស្តីបន្ទោសបវរកញ្ញា ដែលចូលរួមប្រឡងឡើយ ព្រោះពួកគាត់គ្រាន់តែស្លៀកពាក់តាមការរៀបចំប៉ុណ្ណោះ។ ការប្រឡង គឺដើម្បីរើសមនុស្សតំណាងប្រទេស ទៅចូលរួមប្រកួតអន្តរជាតិ ហេតុនេះបើសិនជាមានការស្តីបន្ទោសពួកគាត់ អាចធ្វើឲ្យលែងមានអ្នកចង់ប្រឡង ហើយក៏ធ្វើឲ្យលែងមានមនុស្សតំណាងជាតិ ទៅប្រឡងជាមួយបណ្តាអន្តរជាតិដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាឲ្យលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើកម្មវិធី Miss Grand Cambodia បន្ទាប់ពីរងការរិះគន់ផ្ទួនពីមហាជន រឿងយកល្បែងតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៉ិចស៉ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឲ្យខេត្តស្ទឹងត្រែង៕ ផ្តល់សិទ្ធិដោយ៖ freshnews








