Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ហ្វូងសត្វដង្កូវវាយលុកស៊ីបំផ្លាញផលដំណាំល្ងរបស់កសិករនៅខេត្តស្ទឹងត្រែងយ៉ាងខ្លាំង

    BY Khmerpress September 3, 2022
    ហ្វូងសត្វដង្កូវវាយលុកស៊ីបំផ្លាញផលដំណាំល្ងរបស់កសិករនៅខេត្តស្ទឹងត្រែងយ៉ាងខ្លាំង

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កសិករដាំដំណាំល្ងនៅឆ្នាំនេះត្រូវសត្វដង្កូវស៊ីបំផ្លាញហើយពួកគាត់រិះរកវិធីសម្លាប់ដង្កូវនេះដែរ តែធ្វើមិនឈ្នះបាញ់ថ្នាំសម្លាប់បាន តែមួយសប្តាហ៍វាកើតមកវិញដដែល ដូច្នេះពួកគាត់បានស្នើសុំទៅមន្ត្រីជំនាញកសិកម្ម ជួយបង្ហាញបច្ចេកទេសកម្ចាត់សត្វចង្រៃទាំងនេះដើម្បីឱ្យដំណាំទទួលបានផលល្អវិញ។

    ក្នុងសកម្មភាពបាញ់ថ្នាំសម្លាប់ដង្កូវស៊ីបំផ្លាញដំណាំល្ងកាលពីថ្ងៃទី០១ ខែកញ្ញា លោកស្រីថាសារុំ ជាម្ចាស់ចម្ការនៅភូមិឫទ្ធីសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ដំណាំល្ង ឆ្នាំនេះមិនទទួលផលបានល្អទេ ព្រោះកើតដង្កូវស៊ីបំផ្លាញស្ទើរទូទាំងចម្ការតែម្ដង ថែមទាំងត្រូវចំណាយថវិកាច្រើនទិញថ្នាំមកបាញ់សម្លាប់សត្វដង្កូវនេះ ថែមទៀត។

    លោកស្រីថា៖ ការបាញ់ថ្នាំមិនសម្រេចបានតាមបំណងទេ ព្រោះនៅពេលថ្នាំសាបឃើញកើតដង្កូវមក វិញដដែលណាមួយរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផង មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យកសិករខាតបង់ដើមទុននិងពេលវេលា ក្នុងការដាំដំណាំមួយប្រភេទនេះ។

    លោកស្រីបន្តថា៖កសិករធ្វើស្រែចម្ការខុសមួយរដូវត្រូវមួយរដូវ ដូច្នេះសុំមន្ត្រីជំនាញកសិកម្មជួយបង្ហាញបច្ចេកទេស តើត្រូវប្រើថ្នាំអ្វី បាញ់សម្លាប់ដង្កូវ ហើយកុំឱ្យវាកើតមកវិញទៀត។

    លោកម៉ែនសារឿនមេភូមិឫទ្ធីសែនជ័យពីរ បានទទួលស្គាល់ថា៖ដំណាំល្ងកសិករនៅឆ្នាំនេះជួបប្រទះខ្លះកើតជំងឺរួញស្លឹក និងមានដង្កូវមកស៊ីបំផ្លាញមែន ហើយគ្រោះចង្រៃនេះអាជ្ញាធរមូលដ្ឋានបានជូនព័ត៌មានទៅមន្ត្រីកសិកម្មស្រុកឱ្យមកពិនិត្យជាក់ស្តែង តែមិនទាន់បានចុះមកពិនិត្យទេ។

    លោកសង្ឃឹមថា៖ក្រោយពីមានការផ្សព្វផ្សាយ ព័ត៌មាននេះមន្ត្រីជំនាញនឹងចុះមកពិនិត្យផ្តល់បច្ចេកទេសពីការថែទាំដំណាំល្ងនេះ ដើម្បីជួយដល់កសិករនៅទីជនបទ ដែលខិតខំធ្វើស្រែចម្ការ ដាំដំណាំគ្រប់ប្រភេទ តែមិនទទួលបានផលដូចបំណងព្រោះខ្លះកើតជំងឺ ខ្លះសត្វល្អិតមកស៊ីបំផ្លាញ។

    លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានពន្យល់ថា៖ករណីនេះឱ្យបងប្អូនកសិករប្រើវិធានការ ថ្នាំគីមីពុល ប្រភេទ ពពួកស្តេចនាគ ដែលមានបិទស្លាកសញ្ញា ទទួលស្គាល់ ពីក្រសួងកសិកម្ម ទិញយកទៅប្រើប្រាស់តាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីចៀសវាងកុំឱ្យបង្កផលប៉ះពាល់ផ្នែកសុខភាព។

    លោកបន្តថា៖មួយវិញទៀតបងប្អូនកសិករមានចម្ការនៅជិតគ្នាត្រូវធ្វើឡើងព្រមគ្នា ដើម្បីទប់ស្កាត់ និងធ្វើឱ្យវាស្លាប់មិនចម្លងគ្នាពីទីតាំងមួយទៅទី តាំងមួយ ពីចំណុចមួយទៅចំណុចមួយទៀត។

    សូមបញ្ជាក់ថា៖នៅភូមិឬទ្ធីសែនជ័យ កសិករភាគច្រើនប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសពោត ល្ង សណ្តែក និងដំណាំយុទ្ធសាស្ត្រផ្សេងៗមួយចំនួនទៀត ដូចជាស្វាយចន្ទី ស្វាយកែវល្មៀត និងដំឡូងមីច្រើនជាងគេ ជាលក្ខណ:គ្រួសារ តែដំណាំល្ងឆ្នាំនេះមានហ្វូងសត្វដង្កូវស៊ីបំផ្លាញខុសប្លែកពីឆ្នាំកន្លងមក ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: