Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើង ប្រទេសហ្វីលីពីន

BY Khmerpress October 26, 2022
គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើង ប្រទេសហ្វីលីពីន

(ម៉ានីល)៖ វិទ្យាស្ថានភូមិវិទ្យាអាមេរិក (US Geological Service) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានអង្រួនភាគខាងជើងប្រទេសហ្វីលីពីន ធ្វើឲ្យអ្នក ស្រុកភ័យស្លន់ស្លោរត់ចេញមកខាងក្រៅផ្លូវ និងបណ្តាលឲ្យមន្ទីរពេទ្យមួយកន្លែងដែលស្ថិតនៅក្បែរចំណុចនៃការរញ្ជួយ រងការខូចខាត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

អ្នកជំងឺត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ ម៉ារីយ៉ាណូ ម៉ាកូស ម៉េម៉ូរៀល (Mariano Marcos Memorial) ក្នុងទីក្រុងបាតាក់ (Batac) ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីភាគខាងជើង នៃចំណុចកណ្តាលនៃការរញ្ជួយដី។

មន្ត្រីប៉ូលិសក្រុងដូឡូរ៉េស (Dolores) លោក ជេហ្វហ្រ្វេ ប្លែនស៍ (Jeffrey Blanes) បាននិយាយថា «នៅពេលអគារកំពុងញ័ររញ្ជួយ មនុស្សម្នាបាននាំគ្នារត់ចេញ ទៅខាងក្រៅ»។ ចំណែក បុគ្គលិកមន្ទីរពេទ្យ លោក ថម តាប៊ីជេ (Tom Tabije) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមទូរស័ព្ទឲ្យដឹងថា «បច្ចុប្បន្នយើងកំពុងធ្វើការវាយតម្លៃលើការខូចខាត»។

គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីគឺកើតឡើងប្រចាំ នៅក្នុងប្រទេសហ្វីលីពីន ដែលមានភូមិសាស្រ្តស្ថិតលើខ្សែក្រវាត់ភ្នំភ្លើង ដែលលាតសន្ធឹងពីប្រទេសជប៉ុន ឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: