ព័ត៌មានអន្តរជាតិ October 27, 2022

ជៀសមិនរួចទៀតទេ, ក្រុមហ៊ុន Apple បញ្ជាក់ថា ខ្លួននឹងប្ដូរមកប្រើប្រាស់រន្ធសាក USB-C តាមការដាក់កំហិតរបស់សហភាពអឺរ៉ុប

Khmerpress

កាលពីប៉ុន្មានរយៈមុន សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងតម្រូវឱ្យផលិតផលអេឡិចត្រូនិកដែលនាំទៅតំបន់អឺរ៉ុបទាំងអស់ ត្រូវតែងាកមកប្រើប្រាស់រន្ធសាកថ្មស្ដង់ដារធម្មតា ជាពិសេសគឺ USB-C នៅត្រឹមឆ្នាំ២០២៤ ហើយច្បាស់ណាស់ថា ការកំណត់បែបនោះ នឹងប៉ះពាល់ជាងគេដល់ក្រុមហ៊ុន Apple ពិសេសគឺទូរសព្ទ iPhone។ ជាក់ស្ដែងឥឡូវនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ហើយថា ទូរសព្ទ iPhone របស់ខ្លួន នឹងត្រូវប្រើប្រាស់រន្ធសាកប្រភេទ USB-C ព្រោះថា វាមិនអាចជៀសរួចនោះទេ។ ថ្លែងនៅក្នុងសន្និសីទ Tech Live របស់កាសែត The Wall Street Journal នៅសប្តាហ៍នេះ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារពិភពលោករបស់ Apple គឺលោក Greg Joswiak បានអះអាងថា ក្រុមហ៊ុន Apple នឹងត្រូវតែអនុវត្តតាមការដាក់កំហិតរបស់សមាជិកសភាអឺរ៉ុប។

ច្បាប់ថ្មីនេះត្រូវបានអនុម័តនៅសភាអឺរ៉ុបនាពេលថ្មីៗនេះ ដែលនឹងតម្រូវឱ្យទូរសព្ទចល័ត ថេប្លេត និងកាមេរ៉ាទាំងអស់ ដែលលក់ក្នុងប្រទេសសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាក USB-C នៅត្រឹមចុងឆ្នាំ២០២៤ ខណៈកុំព្យូទ័រយួរដៃ គឺអាចអូសបន្លាយដល់ពាក់កណ្តាលឆ្នាំ២០២៦។ ការផ្លាស់ប្ដូរនេះ គឺមានគោលបំណងកាត់បន្ថយកាកសំណល់អេឡិចត្រូនិក និងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យធ្វើការជ្រើសរើសប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតភាគច្រើនបានផ្លាស់ប្តូររន្ធសាកឧបករណ៍ចល័តរបស់ពួកគេ ទៅជាប្រភេទ USB-C ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែ Apple ដែលនៅតែប្រើប្រាស់រន្ធសាក lightning សម្រាប់ទូរស័ព្ទ iPhone។ យ៉ាងណា គេក៏សង្កេតឃើញថា iPad ជំនាន់បច្ចុប្បន្នទាំងអស់របស់ Apple ត្រូវបានអាប់ដេត ប៉ុន្តែត្រកូល iPhone 14 ដែលទើបនឹងចេញថ្មីៗនេះ នៅតែប្រើរន្ធសាក lightning ដែលជារន្ធសាកប្រចាំត្រកូលរបស់ខ្លួន ក្នុងរយៈពេល ១០ឆ្នាំ កន្លងមក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត