សារមន្ទីរមួយកន្លែងនៅកោះតៃវ៉ាន់ធ្វើឲ្យបែកចានបុរាណចំនួន ៣ ដែលមានតម្លៃសរុប ៧៧លានដុល្លារ
តៃវ៉ាន់៖ សារមន្ទីរមួយកន្លែងនៅកោះតៃវ៉ាន់ត្រូវបានបណ្តាញសារព័ត៌មាន The Strait Times រាយការណ៍ថា បានធ្វើឲ្យបែកចានបុរាណចំនួន ៣ ដែលមានតម្លៃសរុបចំនួន ៧៧លានដុល្លារ។ សារមន្ទីរមួយកន្លែងនេះមានឈ្មោះថា National Palace Museum ហើយចានដែលបានបែកនោះគឺជាប្រភេទចានបុរាណចិនមានអាយុកាលរាប់រយឆ្នាំមកហើយ ពោលគឺជាចានដែលត្រូវបានគេប្រើប្រាស់នៅក្នុងសម័យរាជវង្សឈីង និងរាជរង្សមីង ឬនៅក្នុងអំឡុងសតវត្សទី ១៥ និងទី ១៧។
ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមចានដែលបានបែកទាំង ៣នោះគឺមានចានចំនួន ២ ត្រូវបានគេរកឃើញថា បានបែកនៅក្នុងប្រអប់ ដូចនេះគេនៅមិនទាន់រកឃើញថា ចានទាំង ២នោះបានបែកដោយសាការរក្សាទុកក្នុងទីកន្លែងដែលគ្មានសីតុណ្ណភាពត្រឹមត្រូវ ឬបានបែកដោយសាសកម្មភាពរបស់បុគ្គលិកបម្រើការងារនៅក្នុងសារមន្ទីរនោះទេ។ យ៉ាងណាក្តី ក្នុងការស៊ើបអង្កេតគេបានរកឃើញថា ចានទាំង ៣នេះបានបែកក្នុងពេលវេលាផ្សេងៗគ្នា ហើយការបាក់បែកនោះបានកើតឡើងក្នុងអំឡុងពេលប្រមាណជា ១៨ ខែមកហើយ តែដំណឹងដ៏គួរឲ្យសោកស្តាយនេះទើបត្រូវបានបែកធ្លាយជាសាធារណៈនៅក្នុងសប្តាហ៍នេះ។ ជុំវិញករណីដ៏រសើបនេះអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា នាយកគ្រប់គ្រងសារមន្ទីរខាងលើកំពុងរងនូវការចោទប្រកាន់ពីខាងតុលាការផងដែរ ពីបទមានចេតនាលាក់បាំង ឬមិនរាយការណ៍ករណីនេះភ្លាមៗនៅកាន់អាជ្ញាធរជំនាញ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


សារមន្ទីរ National Palace Museum
