ព័ត៌មានអន្តរជាតិ November 4, 2022

ប្រទេសថៃប្រកាសលុបចោលក្រឹត្យទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ពលរដ្ឋ ដោយសារករណីឆ្លងនិងមរណភាពមានការថយចុះច្រើន

Khmerpress

យោងតាមសេចក្ដីប្រកាសរបស់ Royal Gazette នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃ លុបចោលក្រឹត្យដែលចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលតម្រូវឱ្យមានការទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីការពារផលប្រយោជន៍សាធារណៈ គ្រប់គ្រងការផ្ទុះឡើងនៃជំងឺ ឬរក្សាសន្តិសុខជាតិ។ សេចក្តីប្រកាសចុងក្រោយបំផុតដែលចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា ស្ថានភាព COVID-19 កំពុងមានភាពប្រសើរឡើងជាសកល យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ហើយអត្រាមរណភាពឥឡូវនេះ គឺទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០។

សេចក្តីប្រកាសនោះបាននិយាយថា រដ្ឋាភិបាលបានលុបចោលក្រឹត្យស្តីពីភាពអាសន្ននៃជំងឺរាតត្បាត កាលពីថ្ងៃទី០១ ខែតុលា ខណៈដែលក្រសួងក៏បានទម្លាក់ចំណាត់ថ្នាក់នៃជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជាជំងឺឆ្លងដែលស្ថិតនៅក្រោមការឃ្លាំមើល។ ខ្លួនបានបន្ថែមថា ស្តុកវ៉ាក់សាំងជំងឺ COVID-19 របស់ប្រទេសថៃឥឡូវនេះ គឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ហើយមិនចាំបាច់ទិញវ៉ាក់សាំងបន្ថែមទេ។ ជម្រាបដែរថា ប្រទេសថៃបានកត់ត្រាការឆ្លងជំងឺ COVID-19 ថ្មីចំនួន ២,៥៥១ ករណី និងការស្លាប់ដែលពាក់ព័ន្ធចំនួន ៣៣ ករណី ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ២៣-២៩ ខែតុលា។ ការឆ្លងចាប់តាំងពីថ្ងៃទី០១ ខែមករាឆ្នាំនេះ មានសរុប ២,៤៦៩,០១៣ ករណី ជាមួយនឹងការស្លាប់ ១១,២៥៧ ករណី៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត