ព័ត៌មានអន្តរជាតិ November 5, 2022

ក្រុមអ្នកដឹកជញ្ជូន Grab នៅប្រទេសថៃ ជាច្រើនរយនាក់នាំគ្នាធ្វើបាតុកម្មផ្អើលក្រុងបាងកកដើម្បីប្រឆាំងនឹងគម្រោង “Zoning System”

Khmerpress

ថៃ៖ ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន Grab ប្រមាណជា ៨០០នាក់បាននាំធ្វើបាតុកម្មយ៉ាងកកកុញពេញទីក្រុងបាងកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកានេះ។ ការធ្វើបាតុកម្មបានចាប់ផ្តើមនៅក្បែរអគារ Central World បន្ទាប់មកក្បួនតវ៉ាក៏បានអូសបន្លាយដល់ទីតាំងរបស់ក្រុមហ៊ុន Grab ខណៈដងវិថី Phetchaburi ដែលជាចរន្តផ្លូវដ៏សំខាន់ក្នុងក្រុងបាំងកកត្រូវបានបិទក្នុងរយៈពេលជាច្រើនម៉ោង។

ប្រភពខាងលើបានបន្តថា ហេតុផលដែលនាំឲ្យមានការតវ៉ានេះគឺដោយសារតែក្រុមហ៊ុន Grab បានអនុវត្តនូវគម្រោងថ្មីមួយគឺគម្រោង “Zoning System” ដែលតាមរយៈគម្រោងនេះគឺក្រុមហ៊ុនតម្រូវឲ្យដឹកជញ្ជូនទាំងអស់ត្រូវកំណត់ពេលវេលានិងទីតាំងធ្វើការរបស់ពួកគេឲ្យបានច្បាស់លាស់មុនពេលចាប់ផ្តើមធ្វើការងារ ខណៈនាពេលកន្លងមកក្រុមអ្នកដឹកជញ្ជូនអាចធ្វើការងារពេលណាក៏បាន ទីកន្លែងណាក៏បាន ពោលគឺពួកគេអាចធ្វើការងារដោយយោងទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគេ។ ក្រុមអ្នកដឹកជញ្ជូនបានលើកឡើងថា គម្រោង “Zoning System” នឹងធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល និងពិបាកធ្វើការជាងមុន ដូចនេះហើយទើបពួកគេសម្រេចនាំគ្នាធ្វើការតវ៉ាជាមួយក្រុមហ៊ុន។

ក្នុងការតវ៉ាគឺក្រុមអ្នកដឹកជញ្ជូនបានស្នើសុំ ៣ចំណុចរួមមាន លុបចោលគម្រោង “Zoning System” លុបចោលគម្រោងអនុញ្ញាតឲ្យមានការដឹកជញ្ជូនតែក្នុងករណីមានការបញ្ជាទិញច្រើន និងផ្តល់តម្លៃលើសេវាដឹកជញ្ជូនក្នុងអាត្រាដូចកាលពីមុន ពោលគឺអាត្រាមុនពេលក្រុមហ៊ុនបានសម្រេចកាត់បន្ថយកាលពីពេលថ្មីៗនេះ។ ជុំវិញរឿងចម្រូងចម្រាសខាងលើនេះ តំណាងក្រុមហ៊ុន Grab បានចេញមកប្រាប់ក្រុមអ្នកតវ៉ាថា ក្រុមហ៊ុននឹងយកសំណើទាំងអស់នេះទៅពិចារណាឡើយវិញ ហើយក្រុមហ៊ុននឹងផ្តល់ដំណោះស្រាយសបស្របមួយនៅក្នុងរយៈ ១៤ថ្ងៃទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត