Meta នឹងកាត់បន្ថយបុគ្គលិកជាង ១១,០០០ នាក់ ដែលជាការកាត់បន្ថយដ៏ធំបំផុតមិនធ្លាប់មានពីមុន
Meta Platforms របស់អាមេរិក ដែលជាប្រតិបត្តិកររបស់ Facebook បាននិយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកជាង ១១,០០០ នាក់ ឬប្រហែល ១៣% នៃកម្លាំងការងារទាំងមូលរបស់ខ្លួន នេះបើតាមនាយកប្រតិបត្តិ Mark Zuckerberg បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធ។ លោក Zuckerberg បានលើកឡើងពី «ការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ច» ក៏ដូចជាការកើនឡើងនៃការប្រកួតប្រជែង និងការធ្លាក់ចុះនៃការលក់ការផ្សាយពាណិជ្ជកម្ម ដែលជាហេតុផលសម្រាប់ការបញ្ឈប់ការងារ។ លោកក៏បានប្រកាសថា ក្រុមហ៊ុនរបស់លោកនឹងផ្អាកការជួលថ្មីរហូតដល់ខែមីនាឆ្នាំក្រោយ។
លោក Zuckerberg បាននិយាយថា Meta បានជំរុញការវិនិយោគរបស់ខ្លួន ដោយរំពឹងថា តម្រូវការសម្រាប់ពាណិជ្ជកម្មអនឡាញនឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស ចំពេលមានការរាតត្បាតនៃមេរោគឆ្លង COVID-19 ។ ប៉ុន្តែលោកបាននិយាយថា ប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះមិនដូចការរំពឹងទុក។ លោក Zuckerberg បាននិយាយថា ខ្ញុំចង់ទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនេះ និងសម្រាប់របៀបដែលយើងមកដល់ទីនេះ។ លោកដឹងថា វាពិបាកសម្រាប់អ្នករាល់គ្នា ហើយលោកពិតជាសោកស្តាយចំពោះផលប៉ះពាល់ទាំងនោះ។ ជម្រាបដែរថា នេះគឺជាការកាត់បន្ថយការងារដ៏ធំលើកដំបូង ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

