កប៉ាល់ទេសចរណ៍អូស្ត្រាលី Majestic Princess ផ្ទុកអ្នកដំណើរជាង ៨០០នាក់ កំពុងរងការផ្ទុះឡើងនៃជំងឺកូវីដ១៩
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា បានអះអាងដល់សាធារណជនថា ពិធីសារដើម្បីទប់ស្ដាត់ជំងឺ COVID-19 ត្រូវបានរៀបចំគ្រប់គ្រាន់ បន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿង ដែលមានការផ្ទុះឡើងនៃជំងឺ COVID-19 បានចូលចតនៅទីក្រុងស៊ីដនី។ កប៉ាល់ទេសចរណ៍នោះមានឈ្មោះថា Majestic Princess គឺជាកប៉ាល់របស់ក្រុមហ៊ុន Carnival Australia ខណៈមានអ្នកដំណើររហូតដល់ទៅ ៨០០ នាក់ កំពុងជាប់គាំងនៅលើនោះ។ ឥឡូវនេះអាជ្ញាធរសុខាភិបាល បានវាយតម្លៃកម្រិតហានិភ័យនៃការផ្ទុះឡើងនេះនៅក្នុង «កម្រិតទី៣» ដែលបង្ហាញថា វាជាការឆ្លងកម្រិតខ្ពស់មួយផងដែរ។
ឧបទ្ទវហេតុនេះបានបង្កឱ្យមានការប្រៀបធៀប ជាមួយនឹងការផ្ទុះឡើងកាលពីក្នុងឆ្នាំ២០២០ នៅលើនាវាកម្សាន្ត Ruby Princess ដែលបានកើតឡើងនៅក្នុងរដ្ឋ New South Wales ដូចគ្នា។ ការផ្ទុះឡើងមួយនោះ បាននាំឱ្យមានការឆ្លងចំនួន ៩១៤ ករណី និងការស្លាប់ចំនួន ២៨នាក់ ដោយសារជំងឺ COVID-19 នៅក្នុងអំឡុងពេលដែលពិភពលោក ប្រឈមនឹងជំងឺរាតត្បាតនេះជាលើកដំបូង។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Carnival Corporation បាននិយាយថា អ្នកដំណើរដែលផ្ទុកមេរោគ COVID-19 កំពុងនៅដាច់ដោយឡែកពីគេនៅលើកប៉ាល់ និងត្រូវបានមើលថែដោយបុគ្គលិកពេទ្យ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

