ព័ត៌មានអន្តរជាតិ November 15, 2022

អង់គ្លេសប្រកាសចំណាយលុយជិត ៥ពាន់លានដុល្លារ លើនាវាចម្បាំងថ្មីៗចំនួន៥គ្រឿង ក្រោមហេតុផលការគំរាមកំហែងរបស់រុស្ស៉ី

Khmerpress

(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃអង្គារនេះបានសេចក្តីថ្លែងការណ៍ឱ្យដឹងថា ចក្រភពអង់គ្លេសនឹងចំណាយ ថវិកាចំនួន៤.២ពាន់លានផោន ឬស្មើនឹង៤.៩ពាន់លានដុល្លារអាមេរិក ទៅលើនាវាចម្បាំងថ្មីៗចំនួន៥គ្រឿង ដើម្បីពង្រឹងសន្តិសុខ នៅចំពោះមុខការគំរាមកំហែងកាន់តែកើនឡើង ពីសំណាក់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍នោះ បានលើកឡើងដូច្នេះថា «ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្ត កំពុងចាត់វិធានការពង្រឹងសន្តិសុខរបស់ខ្លួន នៅចំពោះមុខការកើនឡើង នៃការគំរាមកំហែងរបស់រុស្ស៉ី។ សកម្មភាពរបស់រុស្ស៉ីធ្វើឱ្យយើងទាំងអស់គ្នា ប្រឈមនឹងហានិភ័យ។ ខណៈយើងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រដែលពួកគេត្រូវការ ពួកយើងផ្ទាល់ក៏កំពុងខិតខំបង្កើនការការពារសម្រាប់ខ្លួនឯងផងដែរ ក្នុងនោះរួមមានទាំងការសាងសង់នាវាចម្បាំងជំនាន់ថ្មី»។

ផែនការចំណាយខាងលើ គឺជាដំណាក់កាលបន្ទាប់ នៃកម្មវិធីមួយដែលក្នុងនោះ នាវាចម្បាំងចំនួន៣គ្រឿង ស្ថិតក្រោមដំណើរការ​សាងសង់រួចជាស្រេច។ បូកបន្ថែមជាមួយនាវាចម្បាំង៥គ្រឿងថ្មី ដែលទើបតែប្រកាសនេះ នាវាចម្បាំងសរុបទាំង៨គ្រឿង ត្រូវរំពឹង​ថានឹងសាងសង់រួចរាល់ជាស្ថាពរទាំងអស់ នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។

គួរបញ្ជាក់ថា បច្ចុប្បន្ននាយករដ្ឋមន្រ្តីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) កំពុងស្ថិតនៅកោះបាលីនៃប្រទេសឥណ្ឌូណេស៉ី សម្រាប់កិច្ចប្រជុំកំពូល G20 ជាទីដែលគេរំពឹងថា ទីក្រុងមូស្គូនឹងទទួលរងសម្ពាធក៏ដូចជាការថ្កោលទោស ជុំវិញទង្វើឈ្លានពាន​របស់ខ្លួនលើអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចមិនទៅចូលរួមកិច្ចប្រជុំនេះឡើយ ដោយលោកបាន​បញ្ជូនរដ្ឋមន្រ្តីការបរទេសឱ្យទៅជំនួស៕ ផ្តល់សិទ្ធិដោយ៖ freshnews