ព័ត៌មានអន្តរជាតិ November 16, 2022

មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-Wen ចេញមុខបដិសេធ ពីពាក្យចចាមអារ៉ាមអំពីហានិភ័យនៃការវិនិយោគបន្ទះឈីប

Khmerpress

(បរទេស)៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទិននឹងការគេចចេញពីកោះតៃវ៉ាន់របស់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗមួយចំនួន ពេលនេះមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-Wen បានចេញមុខបដិសេធនឹង«ពាក្យចចាមអារ៉ាម» នោះដោយផ្ទាល់ អំពីហានិភ័យនៃការវិនិយោគនៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបនៅទីនោះ។ ខណៈលោកស្រីបានលើកឡើងយ៉ាងមុតមាំថា រដ្ឋាភិបាលនឹងមិនមើលនឹងភ្នែកនោះទេ ដោយរដ្ឋាភិបាលកំពុងគិតគូរយ៉ាងខ្លាំងដើម្បីធានាឱ្យមានការវិនិយោគបែបនេះបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា កោះតៃវ៉ាន់គឺជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំជាងគេបំផុតរបស់ពិភពលោក និងជាជម្រកដ៏សំខាន់របស់ក្រុមហ៊ុន TSMC ដែលបានដើរតួនាទីជាអ្នកផ្គត់ផ្គង់បន្ទះឈីបនៅស្ទើតែគ្រប់ផលិតផលទាំងអស់ចាប់ពីរថយន្ត ស្មាតហ្វូន រហូតដល់យន្តហោះចម្បាំង ហើយក៏ជាកន្លែងផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple ផងដែរ។

ប្រភពបានឱ្យដឹងថា ពាក្យចចាមអារ៉ាមកន្លងមកទាក់ទិននឹងហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងកោះតៃវ៉ាន់នោះគឺ ចាប់តាំងពីយោធាចិនបានគំរាមកំហែងទៅលើកោះនេះដើម្បីទាមទារអធិបតេយ្យភាពទីក្រុងប៉េកាំង ជាពិសេសនោះគឺបន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនាទីក្រុងតៃប៉ិកាលពីខែសីហាកន្លងទៅ ធ្វើឱ្យឧស្សាហកម្មបន្ទះឈីបកាន់តែតានតឹងខ្លាំងឡើងនៅលើកោះនេះ។ ពោលគឺគិតមកទល់ពេលនេះ ក្រុមហ៊ុនអាមេរិកធំៗជាច្រើនកំពុងតែប្រកាសដកខ្លួនចេញពីកោះតៃវ៉ាន់ ដោយកាលពីពេលថ្មីៗកន្លងទៅ សូម្បីតែក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំបំផុតដែលមានដើមកំណើតនៅទីនេះ គឺ Foxconn ក៏បានប្រកាសស្វែងរកទីតាំងប្រទេសផ្សេងដើម្បីឈរជើងផងដែរ។

យ៉ាងណាមិញអ្វីដែលគេកត់សម្គាល់ខ្លាំងចំពោះការលើកឡើងរបស់ មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-Wen នៅក្នុងកិច្ចប្រជុំមួយជាមួយលោក Frederic Schneider-Maunoury ដែលជាប្រធានផ្នែកប្រតិបត្តិការនៃ ASML Holding NV និងជាអ្នកផ្គត់ផ្គង់ឧបករណ៍សំខាន់ៗដល់ក្រុមហ៊ុន TSMC នោះគឺលោកស្រី សរសើរមិនដាច់ពីមាត់អំពីក្រុមហ៊ុនអឺរ៉ុបចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការវិនិយោគនៅតៃវ៉ាន់។

បើយោងតាមការអត្ថាធិប្បាយដែលបានចេញផ្សាយដោយការិយាល័យមេដឹកនាំកាលពីល្ងាចថ្ងៃអង្គារនោះគឺ «នៅពេលនេះស្របពេលដែលពិភពលោកកំពុងយកចិត្តទុកដាក់ និងព្រួយបារម្ភពីហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់នៅតៃវ៉ាន់ ខ្ញុំពិតជាមានអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ASML សម្រាប់ការបន្តវិនិយោគនៅតៃវ៉ាន់ ដែលមិនគិតពីការចាកចេញ»៕ ផ្តល់សិទ្ធិដោយ៖ freshnews