កូនស្រីរបស់លោក គីម ជុងអ៊ុន ត្រូវបានគេឃើញមុខជាលើកដំបូង នៅអំឡុងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបម្សិលមិញនេះ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សព្វផ្សាយរូបថតមេដឹកនាំលោក គីម ជុងអ៊ុន ជាមួយក្មេងស្រីម្នាក់ ដែលគេនិយាយថា ជាកូនស្រីរបស់គាត់ នៅអំឡុងពេលអ្នកទាំង ២ កំពុងតែសង្កេតមើលការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបថ្មី។ នេះជាលើកទីមួយហើយ ដែលកូរ៉េខាងជើងបញ្ចេញរូបភាពកូនស្រីរបស់មេដឹកនាំរូបនេះ។ រូបថតប៉ុន្មានសន្លឹកនោះ បានបង្ហាញពីសកម្មភាពរបស់អ្នកទាំង ២ ដើរពិនិត្យមើលមីស៊ីល Hwasong-17 នៅឯកន្លែងសាកល្បង។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងក៏បានលើកសរសើរលោក គីម រួមជាមួយនឹងកូនស្រី និងភរិយាជាទីស្រឡាញ់របស់គាត់ ចំពោះការបំផុសគំនិតអ្នកវិទ្យាសាស្ត្រ និងអ្នកប្រយុទ្ធរបស់ពួកគេ។ រូបថតមួយសន្លឹកបង្ហាញថា លោក គីម បានដើរចាប់ដៃជាមួយក្មេងស្រីម្នាក់ពាក់អាវពណ៌ស និងស្បែកជើងក្រហម ដោយមានមីស៊ីលនៅខាងក្រោយ។ រូបភាពមួយទៀតបង្ហាញពីក្មេងស្រីដូចគ្នា កំពុងឈររវាងលោក គីម និងប្រពន្ធរបស់គាត់គឺលោកស្រី Ri Sol Ju ។ សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងនិយាយថា លោក គីម និងភរិយាដែលរៀបការកាលពីឆ្នាំ២០០៩ មានកូន ៣នាក់ ស្រី២នាក់ និងប្រុសម្នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


