Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកប្រកាសថា នឹងជួយប្រទេសថៃអភិវឌ្ឍ រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរខ្នាតតូច

BY Khmerpress November 19, 2022
សហរដ្ឋអាមេរិកប្រកាសថា នឹងជួយប្រទេសថៃអភិវឌ្ឍ រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរខ្នាតតូច

(បាងកក)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានប្រកាសនៅថ្ងៃសៅរ៍នេះថា សហរដ្ឋអាមេរិក នឹងជួយថៃអភិវឌ្ឍថាមពលនុយក្លេអ៊ែរ តាមរយៈរ៉េអាក់ទ័រខ្នាតតូចប្រភេទថ្មី នៅក្រោមក្របខណ្ឌកម្មវិធី ដែលមានគោលដៅប្រយុទ្ធប្រឆាំង​បញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ការជួយជ្រោមជ្រែងផ្នែកថាមពលនុយក្លេអ៊ែរខាងលើ គឺស្ថិតក្នុងកិច្ចផ្តួចផ្តើមរបស់ខ្លួន ហៅថា Net Zero World Initiative ដែលត្រូវបានបង្កើតឡើង ក្នុងកិច្ចប្រជុំកំពូលបញ្ហាអាកាសធាតុ នៅទីក្រុងក្លាសកូវប្រទេសស្កុតឡែន កាលពីឆ្នាំ២០២១ ហើយនៅក្រោមកិច្ចផ្តួចផ្តើមនោះ អាមេរិកបានចាប់ដៃគូសហការជាមួយ វិស័យឯកជននិងក្រុមសប្បុរសជន ដើម្បីលើកកម្ពស់ថាមពលស្អាត។

គួរបញ្ជាក់ថា សព្វថ្ងៃប្រទេសថៃ ពុំមានរោងចក្រផលិតថាមពល ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរនោះទេ។ សេតវិមានមិនបានប្រាប់ឱ្យច្បាស់ឡើយថា នឹងជួយថៃអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ឱ្យបាននៅពេលណាឡើយ ប៉ុន្តែបានអះអាងថា ខ្លួនគាំទ្រការកំណត់គោលដៅរបស់ថៃ ក្នុងការឈានទៅសម្រេចឱ្យបាន នូវស្ថានភាពអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៦៥។ លោកស្រី ហារីស បានបំពេញទស្សនកិច្ចទៅកាន់​ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC ដែលត្រូវបិទបញ្ចប់នៅថ្ងៃសៅរ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: