ស្ដេចអារ៉ាប៊ីសាអូឌីតបានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនយកឈ្នះលើអាហ្សង់ទីនក្នុងលទ្ធផល ២-១
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា អាជ្ញាធររដ្ឋធានីក្រុង Riydh របស់អារ៉ាប៊ីសាអូឌីត បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិ ដើម្បីអបអរការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន នៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នាពេលថ្មីៗនេះ។ ជ័យជម្នះក្នុងលទ្ធផល ២-១ របស់ក្រុមស្ទាំងបៃតងអារ៉ាប៊ីសាអូឌីត លើក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមមួយក្នុងចំណោមក្រុមលំដាប់កំពូលរបស់ពិភពលោក ត្រូវបានមើលឃើញថា គឺជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។
ស្តេច Salman ទ្រង់បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិមួយ សម្រាប់កម្មករក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាសិស្សានុសិស្សក្នុងព្រះរាជាណាចក្រមួយនេះ ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន។ ការប្រកាសនេះផងដែរ ក៏ស្រដៀងទៅនឹងប្រទេសកាមេរូនក្នុងអំឡុងការប្រកួត World Cup ឆ្នាំ១៩៩០ នៅប្រទេសអ៊ីតាលី នៅពេលដែលក្រុមជម្រើសជាតិរបស់ខ្លួនបានផ្តួលក្រុមអាហ្សង់ទីន ហើយក៏បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈនៅថ្ងៃបន្ទាប់។
ជម្រាបដែរថា អារ៉ាប៊ីសាអូឌីតធ្លាប់ឈ្នះការប្រកួត World Cup ត្រឹមតែ ៣ដងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅមុនពេលបង្កើតកំណត់ត្រាថ្មីទល់នឹងអាហ្សង់ទីន ជាមួយនឹងគ្រាប់បាល់នៅតង់ទី ២ ដោយកីឡាករ Saleh al-Shehri និង Salem al-DawsarI បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ក្រុមអាហ្សង់ទីន ដោយកីឡាករ Lionel Messi នៅនាទីទី ១០។ អារ៉ាប៊ីសាអូឌីត នឹងប៉ះប៉ូឡូញនៅថ្ងៃសៅរ៍ ហើយបន្ទាប់មកប៉ះម៉ិកស៊ិកនៅថ្ងៃអង្គារសប្តាហ៍ក្រោយក្នុងពូល C៕



