ព័ត៌មានអន្តរជាតិ

ជម្រើសជាតិជប៉ុនសម្អាតបន្ទប់យ៉ាងស្អាតភ្លឹង ហើយបត់ចាបក្រដាសសំណាងល្អទុកឱ្យទៀត ក្រោយ​ចប់ការ​ប្រកួត World Cup យកឈ្នះ​អាល្លឺម៉ង់

BY
Khmerpress
November 24, 2022
ជម្រើសជាតិជប៉ុនសម្អាតបន្ទប់យ៉ាងស្អាតភ្លឹង ហើយបត់ចាបក្រដាសសំណាងល្អទុកឱ្យទៀត ក្រោយ​ចប់ការ​ប្រកួត World Cup យកឈ្នះ​អាល្លឺម៉ង់

បន្ទាប់ពីបានយកឈ្នះក្នុងលទ្ធផល ២-១ យ៉ាងអស្ចារ្យលើម្ចាស់ជើងឯក World Cup ៤សម័យ គឺក្រុមឥន្ទ្រីដែកអាល្លឺម៉ង់កាលពីម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេនៅឯកីឡដ្ឋាន Khalifa International Stadium យ៉ាងស្អាតភ្លឹងតែម្ដង។ ពួកគេក៏បានបត់សត្វចាបក្រដាស Origami ដែលជានិមិត្តរូបសំណាងល្អ និងនិរន្តភាពនៅក្នុងប្រទេសជប៉ុន ទុកនៅក្នុងបន្ទប់ផ្លាស់សម្លៀកពាក់នោះផងដែរ។ ក្រុមការងារបានបត់កន្សែង រៀបចំដបទឹក និងធុងដាក់អាហារយ៉ាងស្អាត ទុកដាក់នៅលើតុនៅកណ្តាលបន្ទប់ នៅមុនពេលពួកគេចាកចេញពីកីឡដ្ឋាន។

រំលឹកផងដែរថា នៅក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ក្រុមសាមូរ៉ៃជប៉ុនក៏ធ្លាប់បានទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រ នៅពេលដែលពួកគេបានសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ បន្ទាប់ពីពួកគេចាញ់ក្រុមបែលហ្ស៊ិកក្នុងលទ្ធផល ៣-២ ក្នុងជុំទី១៦ ហើយក៏បានបន្សល់ទុកនូវសំបុត្រសរសេរពាក្យថា «សូមអរគុណ» ជាភាសារុស្សីទៀតផង។ មុននេះ ក្រុមអ្នកគាំទ្ររបស់ជប៉ុនក៏ទទួលបានការសរសើរនៅក្នុងប្រទេសកាតា សម្រាប់ការនៅសម្អាតកីឡដ្ឋានក្រោយការប្រកួត។ ពោលគឺបន្ទាប់​ពី​ការ​ប្រកួត​ទល់​នឹង​អាល្លឺម៉ង់ អ្នកគាំទ្រ​ជប៉ុន​​ត្រូវ​បាន​គេ​ឃើញ​ថា បានយក​ថង់​សំរាម​ពណ៌​ខៀវ​ខ្ចី ហើយ​ដើររើស​សំរាម​នៅ​ក្នុង​កីឡដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: