ព័ត៌មានអន្តរជាតិ November 25, 2022

ក្រុមហ៊ុន Apple បង្ហាញចំណាប់អារម្មណ៍ចង់ទិញយកក្លឹប Manchester United ក្នុងតម្លៃជាង ៧ពាន់លានដុល្លារ

Khmerpress

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន Apple បានបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកក្លឹបបាល់ទាត់ Manchester United មកគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ តាមគម្រោងគឺក្រុមហ៊ុន Apple ចង់ចុះកុងត្រាទិញយកក្លឹបដ៏មានប្រជាប្រិយភាពពេញពិភពលោកមួយនេះក្នុងតម្លៃ ៥,៨ ពាន់លានផោន ឬស្នើនឹងជាង ៧ ពាន់លានដុល្លារអាមេរិក។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺលោក Tim Cook ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានកំពុងសិក្សាអំពីកិច្ចសន្យាមួយនេះយ៉ាងលម្អិតហើយជាមួយនាយកគ្រប់គ្រងក្លឹបបាល់ទាត់ Manchester United ក៏ដូចជាដៃគូវិនិយោគនិងម្ចាស់ភាគហ៊ុនផ្សេងៗ ខណៈការសម្រេចទិញ-លក់ជាផ្លូវការយ៉ាងណានោះគឺគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ គួរបញ្ជាក់ជូនថា  ប្រសិនបើក្រុមហ៊ុន Apple អាចទិញក្លឹបបាល់ទាត់ Manchester United បានមែននោះ គឺវានឹងក្លាយជាការវិនិយោគដ៏អស្ចារ្យមួយរបស់ក្រុមបច្ចេកវិទ្យាមួយនេះ ហើយវាក៏អាចជួយលើកកម្ពស់ក្លឹបបាល់ទាត់មួយនេះឲ្យកាន់តែមានភាពល្បីល្បាញខ្លាំងបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត