ពលរដ្ឋអ៊ុយក្រែននឹងត្រូវប្រឈមជាមួយអាកាសធាតុចុះត្រជាក់ខ្លាំងនិងរស់នៅក្នុងភាពងងឹតក្នុងរដូវរងានេះ ខណៈការផ្គត់ផ្គង់អគ្គិសនីនិងទឹកទៅកាន់តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់
អ៊ុយក្រែន៖ ខណៈដែលរដូវរងាចូលមកដល់ប្រទេសអ៊ុយក្រែនត្រូវប្រឈមនឹងបញ្ហាធំៗមួយចំនួនទៀតបន្ថែមពីលើវិបត្តិនៃភ្លើងសង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកានេះ។ បញ្ហាសង្គមដែលកំពុងបន្ថែមសម្ពាធទៅលើអ៊ុយក្រែននោះគឺពលរដ្ឋជាច្រើនលាននាក់ត្រូវប្រឈមនឹងអាកាសធាតុចុះត្រជាក់ខ្លាំង និងត្រូវរស់នៅក្នុងភាពងងឹតព្រោះតែគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ខណៈការផ្គត់ផ្គង់ទឹកវិញក៏ត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនផងដែរ។
គួរកត់សម្គាល់ថា តាមធម្មតានៅក្នុងរដូវរងាពលរដ្ឋអ៊ុយក្រែនតែងសម្ងំនៅក្នុងផ្ទះបើកម៉ាស៊ីនកម្តៅនិងម៉ាស៊ីនទឹកក្តៅជាដើម ដើម្បីរក្សាសុខភាពរបស់ពួកគេ។ យ៉ាងណាក្តី រដូវរងានាឆ្នាំនេះបានដល់ស្របពេលដែលរោងចក្រថាមពលអគ្គិសនីនិងរោងចក្រថាមនុយក្លេអ៊ែររបស់អ៊ុយក្រែមួយចំនួនត្រូវបានបំផ្លាញ ដែលធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់។ តាមការព្យាករណ៍របស់អ្នកជំនាញសុខភាពពិភពលោកបានបង្ហាញថា នឹងមានពលរដ្ឋអ៊ុយក្រែនប្រមាណជា ៣លានដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះដើម្បីទៅរកកន្លែងមានសីតុណ្ហភាពក្តៅល្មម ខណៈពួកគេអាចប្រឈមនឹងការកើតមានបញ្ហាសុខភាពខ្ពស់ខ្លាំងណាស់ដូចជា ឆ្លងជំងឺកូវីដ-១៩ ជំងឺរលាកសួត គ្រុនផ្តាសាយ ជំងឺខាន់ស្លាក់ និងកញ្ជ្រឹលជាដើមសម្រាប់អ្នកមិនទាន់ទទួលបានវ៉ាក់សាំង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
