The Korea Times ៖ កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយបានជួបជំទាវទី១ កូរ៉េខាងត្បូង នឹងទទួលការវះកាត់ព្យាបាល នៅទីក្រុងសេអ៊ូល
(សេអ៊ូល)៖ កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ដែលទើបតែបានជួបជាមួយជំទាវទី១កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងទទួលការវះកាត់នៅទីក្រុងសេអ៊ូល យោងតាមការិយាល័យប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Time នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ការិយាល័យប្រធានាធិបតី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ថា កុមារកម្ពុជារូបនេះត្រូវបានគេរំពឹងថានឹងត្រូវនាំមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការវះកាត់ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាសាន ក្នុងទីក្រុងសេអ៊ូល។ ប្រភពដដែលក៏បានឱ្យដឹងថា រាល់ការចំណាយចាំបាច់សម្រាប់ការធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង និងការវះកាត់ ត្រូវបានគេរៀបចំរួចជាស្រេចជាមួយនឹងការបរិច្ចាគ។ សូមរំលឹកថាលោកជំទាវ Kim Keon-hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានអាយុ១៤ឆ្នាំកាលពីដើមខែនេះក្នុងទីក្រុងភ្នំពេញ ក្នុងអំឡុងពេលលោកជំទាវអមដំណើរលោកប្រធានាធិបតី Yoon Suk-yeol ជាស្វាមីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


