ចោរចូលលួចម៉ូតូបានសម្រេចនៅផ្ទះអភិបាលស្រុកសំរោង ខេត្តតាកែវ, ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភ ក្រោយអំពើចោរកម្មកើតឡើងជាបន្តបន្ទាប់
(តាកែវ)៖ នៅផ្ទះលោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ ត្រូវបានជនសង្ស័យ ផ្លោះរបងចូលលួចម៉ូតូរបស់អ្នកយាមផ្ទះអស់១គ្រឿង កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
តាមសេចក្តីរាយការណ៍ពីមូលដ្ឋាន បានឲ្យដឹងថា ក្រុមចោរទាំងនោះបានផ្លោះរបងចូលទៅពីខាងក្នុងផ្ទះ រួចធ្វើសកម្មភាពកាត់សោរួចយកម៉ូតូជនរងគ្រោះដែលជាអ្នកយាមផ្ទះឲ្យអភិបាលស្រុកសំរោង បានសម្រេចតែម្តង។
សូមបញ្ជាក់ថា នៅក្នុងខេត្តតាកែវពេលថ្មីៗនេះ បានកើតអំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះផ្ទួនៗជាច្រើនករណី ធ្វើឲ្យប្រជាជនរងការភ័យខ្លាចជាខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចោរចូលគាស់ផ្ទះអភិបាលរង ស្រុកត្រាំកក់ យកលុយអស់ចំនួន៤៣០០០ដុល្លារ។ លុះនៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបលើលោកយាយម្នាក់នៅផ្សារអង្គតាសោម ស្រុកត្រាំកក់បណ្តាលឲ្យរងរបួសបាក់ដៃ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមពាក់ស្លាកលេខតាកែវ 1M.4059 នៅស្រុកត្រាំកក់។
រយៈពេលកន្លងមកនេះផ្ទុះកក្រើកសកម្មភាពចោរកម្មបានបង្កឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំងពីបញ្ហាសន្តិសុខ និងសុវត្ថិភាព ជាពិសេសនៅពេលរាត្រីតែម្តង មានសកម្មចោរកាត់សោចូលលួចម៉ូតូនៅក្នុងផ្ទះ លុះពេលម្ចាស់ផ្ទះទាន់ ត្រូវចោរបាញ់ប៉ុន្តែសំណាងល្អអត់ត្រូវ។
សកម្មភាព១យប់ចោរលួចម៉ូតូបាត់អស់២គ្រឿងនោះ បានកើតឡើងតាំងពីយប់រំលងអាធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចមិនទាន់បានបង្ក្រាបក្រុមចោរទាំងនោះបាននៅឡើយទេ។
តាមសេចក្តីរាយការណ៍ដែលអង្គភាពព័ត៌មាន Fres News បានបង្ហាញថា ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ១គ្រឿងម៉ាក Honda Scopy ពណ៌ផ្កាឈូកស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខតាកែវ 1K-3165 និង១គ្រឿងទៀតម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ តាកែវ1R -3035 ដែលជាកម្មសិទ្ធិរបស់លោកវេជ្ជបណ្ឌិត ឃឹម ធូ គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងលោកស្រីសុខ តុញ ប្រធានផ្នែកសម្ភពបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មានទីលំនៅបច្ចុប្បន្ន ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
តាមសេចក្តីរាយការណ៍ និងតាមបញ្ជាក់សកម្មភាពក្រុមចោរនៅក្នុងវីដេអូបានបង្ហាញទៀតថា នៅវេលាយប់ថ្ងៃកើតហេតុ គាត់បានទុកម៉ូតូទាំង២គ្រឿងនៅក្នុងផ្ទះ ដែលមានរបងបិទជិត និងបានចាក់សោទ្វារត្រឹមត្រូវ បន្ទាប់មក ក៏បានចូលដេករហូតដល់ភ្លឺទើបដឹងថាបាត់ម៉ូតូ។ បន្ទាប់មកបានឆែកកាមេរ៉ាសុវត្ថិភាពមើល បានឃើញចោរមានគ្នា២នាក់ ជិះម៉ូតូទៅឈប់នៅជិតផ្ទះកើតហេតុ បន្ទាប់មកផ្លោះរបងចូលទៅកាត់សោទ្វារផ្ទះពីខាងក្នុង រួចធ្វើសកម្មភាពលួចម៉ូត។
នៅវេលាម៉ោង ១១៖៤៥នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ចោរបានលួចយកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាស្កូបពីបានសម្រេចរួចជិះយកទៅដោយបាត់។ លុះដល់វេលាម៉ោង ២៖៤៥នាទីឈានចូលថ្ងៃទី៩ ខែវិច្ឆិកា គឺចន្លោះពេល ត្រឹមតែ ២ម៉ោងប៉ុណ្ណោះចោរ ដដែលបានត្រឡប់ទៅផ្ទះដដែលនោះម្ដងទៀត រួចលួចយកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បានសម្រេច១គ្រឿងទៀត និងបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។
ទាក់ទងទៅនិងអំពើចោរកម្មនោះ ម្ចាស់ផ្ទះបានស្នើសុំឲ្យសមត្ថកិច្ចខេត្តតាកែវ មេត្តាជួយធ្វើការស្រាវជ្រាវរកម៉ូតរបស់គាត់មកវិញផង ព្រមទាំងជួយវែកមុខរកក្រុមចោរខាងលើនោះយកមកផ្ដន្ទាទោសតាមច្បាប់ផង។
ដោយឡែកកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្ទះមួយស្ថិតនៅក្នុងភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ មានចោរ២នាក់ បានឡើងលបចូលទៅធ្វើសកម្មភាពកាត់សោទ្វារផ្ទះមួយកន្លែងលួចយកម៉ូតូ១គ្រឿង ប៉ុន្តែត្រូវម្ចាស់ទាន់ស្រែកឆោឡោក្រុមចោរក៏បានបាញ់២គ្រាប់តែសំណាងល្អអត់ត្រូវ។
ប្រជាពលរដ្ឋបានប្រាប់ថា ម៉ូតូខាងលើម៉ាក Mslaz មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1HG 3976 ជាកម្មសិទ្ធិរបស់ឈ្មោះ ហ៊ន រ៉ាយុ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីតាំងកើតហេត ខាងលើ។ នៅយប់កើតហេតុម្ចាស់បានទុកម៉ូតូនៅក្នុងផ្ទះ ហើយក្រុមចោរក៏បានកាត់សោទ្វារចូលលួចបានរួចអូសបណ្តើរម៉ូតូចេញសំដៅទៅផ្លូវជាតិ ពេលនោះម្ចាស់បានភ្ញាក់ពីដំណេកឃើញទាន់ក៏ស្រែកថា «ចោរៗ»។
ពេលនោះ ចោរទាំងពីរនាក់ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកបាញ់ ចំនួន២គ្រាប់ តែមិនត្រូវជនរងគ្រោះនោះឡើយ។ ស្របពេលនោះ ក្រុមចោរ ក៏បានបញ្ឆេះម៉ូតូដែលលួចបានអត់ឆេះ ក៏ផ្តួលម៉ូតូចោល រួចរត់ឡើងម៉ូតូ ១គ្រឿងទៀត មិនស្គាល់ ម៉ាកជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងរកឃើញវត្ថុតាងមានបង់កាំភ្លើង ១មានគ្រាប់កាំភ្លើង ចំនួន៤គ្រាប់ សំបកកន្ទុះ២ និងស្បែកជើង១គូផងដែរ។
អសន្តិសុខខ្លាំងបែបនេះ បានបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងណាស់ និងបានសំណូមពេលដល់សមត្ថកិច្ចមូលដ្ឋានខាងលើគួរតែមានវិធានការធ្វើយ៉ាងណាលុបបំបាត់ឲ្យបាននូវអំពើចោរកម្មលួច ឆក់ ប្លន់ ឲ្យបានផងដើម្បីឲ្យពួកគាត់មានទំនុកចិត្ត និងភាពកក់ក្ដៅ។
ជាមួយគ្នានេះ នៅឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ក៏មានករណីលួចមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ប្រុសទាំងអស់ ជិះម៉ូតូ០៤គ្រឿង បានធ្វើសកម្មភាពស្ទាក់វាយ ទៅលើឈ្មោះ យិន ស៊ីម ភេទប្រុស អាយុ៥១ឆ្នាំ ជាសមាជិកភូមិស្រង៉ែ ដោយម្នាក់ស្ទាក់ឆក់ខ្សែក ម្នាក់វាយពីរក្រោយ និងពីរនាក់ទៀតចាំបិទគូទ ហើយជ្រះដាច់ខ្សែក រួចដណ្តើមបានចិញ្ចៀនមាស៥ជី ពេលនោះជនរងគ្រោះតដៃ វាយប្រតាយប្រតប់ពេលនោះជនល្មើសរត់ឡើងម៉ូតូ បន្សល់ទុកទូរស័ព្ទពីរគ្រឿន និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅមួយគ្រឿងសេរីឆ្នាំ២០១៦ សម្ភារទាំងនោះរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំឧត្តមសុរិយា។
ដោយឡែកនៅក្រុងដូនកែវដដែល ក៏មានសកម្មភាពចោរលួចកាត់ខ្សែភ្លើងផងដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ចមិនទាន់អាចស្វែងរកចាប់បាននៅឡើយទេ។ តាមសេចក្តីរាយការណ៍មួយទៀត បានឲ្យដឹងថា នៅម៉ោង៣ទាបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏មានករណីចោរចូលលួចកាបូបដាក់លុយ និងមាសក្រុមគ្រួសារម្ចាស់ដើមការ យកមាសអស់២តំឡឹងលុយជាង5,000$ សរុបតំលៃជាង10,000$ នៅភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រួចយកសំភារៈនៅសល់ប្លុងចោលក្បែរផ្លូវរថភ្លើង៕ ផ្តល់សិទ្ធិដោយ៖ freshnews























