ព័ត៌មានអន្តរជាតិ December 27, 2022

ព្យុះព្រិលទឹកកកបានបន្តធ្វើឲ្យពលរដ្ឋអាមេរិកកើនដល់ ៤៧នាក់បាត់បង់ជីវិត

Khmerpress

អាមេរិក៖ ក្រុមការងារជួយសង្គ្រោះជនរងគ្រោះនៅអាមេរិកបានបន្តឃើញអ្នកស្លាប់ដោយបញ្ហាអាកាសធាតុចំនួន ២៨នាក់បន្ថែមទៀតកាលពីថ្ងៃចន្ទម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះ។ គួរបញ្ជាក់ថា បញ្ហាអាកាសធាតុ​ដែលកំពុងវាយប្រហារតំបន់ Buffalo ភាគខាងលិចទីក្រុង New York នោះគឺជាព្យុះព្រឹលទឹកកក ឬបើតាមអាជ្ញាធរអាមេរិកបានថាហៅថា “ព្យុះកំបុតត្បូងប្រចាំសតវត្សន៍” ដ្បិតវាជាព្យុះដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយសតវត្សន៍ចុងក្រោយនេះ។

ប្រភពខាងលើបញ្ជាក់ថា គិតត្រឹមពេលនេះគឺតួលេខពលរដ្ឋអាមេរិកដែលបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាអាកាសធាតុខាងលើនេះបានបន្តកើនឡើងដល់ ៤៧នាក់ហើយ នៅក្នុងរដ្ឋចំនួន ៩ផ្សេងគ្នា​ និងត្រឹមក្នុងរយៈពេលជិតមួយសប្តាហ៍ចុងក្រោយនេះ។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ចំពោះពលរដ្ឋហើយ​ ព្យុះព្រិលទឹកកកក៏បានបង្ខំឲ្យអាជ្ញាធរអាកាសចរអាមេរិកត្រូវសម្រេចលុបចោលជើងហោះហើរក្នុងស្រុកជាង ១៥,០០០ជើងជាបន្ទាន់ ខណៈចរាចរណ៍នៅតាមដងផ្លូវមួយចំនួនវិញត្រូវរាំងស្ទះទាំងស្រុងតែម្តង ព្រោះតែព្រិលបានធ្លាក់ពេញដងផ្លូវយ៉ាងក្រាស់។ ជាងនេះទៅទៀតឥទ្ធិពលនៃព្យុះទឹកកកក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ ដោយគិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត