Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រថយន្តជាង២០០គ្រឿងបុកបន្តកន្ទុយគ្នា នៅលើស្ពានហាយវ៉េក្នុងទីក្រុង Zhengzhou ប្រទេសចិន បង្កឱ្យមនុស្សម្នាក់បាត់បង់ជីវិត

BY Khmerpress December 28, 2022
រថយន្តជាង២០០គ្រឿងបុកបន្តកន្ទុយគ្នា នៅលើស្ពានហាយវ៉េក្នុងទីក្រុង Zhengzhou ប្រទេសចិន បង្កឱ្យមនុស្សម្នាក់បាត់បង់ជីវិត

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅឯប្រទេសចិន បានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ នៅពេលដែលយានជំនិះសរុបច្រើនជាង២០០គ្រឿង បានបុកបន្តកន្ទុយគ្នានៅលើស្ពានហាយវ៉េមួយខ្សែ ស្ថិតក្នុងទីក្រុងចេងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ដោយសារតែការចុះអ័ព្ទខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

ស្ពានកើតហេតុខាងលើគឺ ស្ពានចេងស៉ីន ហ័ងហឺ (Zhengxin Huanghe) ដែលជាស្ពានដ៏សំខាន់មួយ សម្រាប់ឆ្លងកាត់ទន្លេលឿង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន មានមនុស្សជាច្រើននាក់រងរបួស ប៉ុន្តែបានជាប់ក្នុងរថយន្តរបស់ពួកគេ ខណៈអាជ្ញាធរពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១១គ្រឿង រួមជាមួយភ្នាក់ងារ៦៦នាក់ភ្លាមៗ ដើម្បីទៅជួយសង្រ្គោះនៅកន្លែងជួបគ្រោះថ្នាក់។

គួរបញ្ជាក់ថា ចរាចរណ៍ទាំងទៅទាំងមកនៅលើស្ពាន ត្រូវបានបិទជាបណ្តោះអាសន្ន ហើយអាជ្ញាធរចិនកំពុងព្យាយាមដោះស្រាយ នៅទីតាំងរថយន្តបុកគ្នានោះ ដើម្បីសម្រួលឱ្យចរាចរណ៍អាចបន្តជាធម្មតាឡើងវិញ ក្នុងពេលឆាប់ៗ។ សេវាឧតុនិយមក្នុងប្រទេសចិន បានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ នៅតំបន់ជាច្រើនគឺមិនអាចមើលទៅមុខឃើញដល់៥០០ម៉ែត្រឡើយ ហើយពេលខ្លះទៀត គឺបានថយចុះមកនៅត្រឹមក្រោម ២០០ម៉ែត្រប៉ុណ្ណោះ ដោយសារតែការចុះអ័ព្ទខ្លាំងខុសប្រក្រតី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: