ប្រទេសអ៊ូសបេគីស្ថានអះអាងថា បានរកឃើញករណីកូនក្មេង ១៨នាក់បាត់បង់ជីវិតក្រោយញ៉ាំទឹកស៊ីរ៉ូក្អកផលិតនៅឥណ្ឌា
អ៊ូសបេគីស្ថាន៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថានបានអះអាងថា បានរកឃើញករណីមានកូនក្មេងចំនួន ១៨នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលញ៉ាំទឹកស៊ីរ៉ូ ដែលជាប្រភេទថ្នាំបំបាត់ក្អកនិងផ្តាសាយផលិតនៅក្នុងប្រទេសឥណ្ឌា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះបានបញ្ជាក់ថា ទឹកស៊ីរ៉ូដែលកំពុងជាប់ពាក់ព័ន្ធក្នុងករណីចម្រូងចម្រាស់នេះគឺទឹកស៊ីរ៉ូម៉ាក Doc-1 Max ផលិតឡើងដោយក្រុមហ៊ុន Marion Biotech ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។
ប្រភពខាងលើបានបន្តថា ក្រោយញ៉ាំទឹកស៊ីរ៉ូដូចបានជម្រាបជូនខាងលើនេះរួចគឺមានកូនក្មេងចំនួន ២១នាក់បានរងប្រតិកម្មយ៉ាងខ្លាំង ពោលគឺមានបញ្ហាថប់ដង្ហើមយ៉ាងធ្ងន់ធ្ងរបំផុតនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ យ៉ាងណាក្តី មានកូនក្មេងត្រឹមតែ ៣នាក់ប៉ុណ្ណោះដែលគេអាចជួយសង្គ្រោះជីវិតបានទាន់ពេលវេលា ខណៈក្មេងចំនួន ១៨នាក់ផ្សេងទៀតបានស្លាប់យ៉ាងអាណោធអាធ័មជាទីបំផុត។ ក្រោយពេលកើតហេតុក្រុមអ្នកជំនាញអ៊ូសបេគីស្ថានបានរកឃើញថា នៅក្នុងទឹកស៊ីរ៉ូមានផ្ទុកនូវសារធាតុ Ethylene Glycol ដែលជាប្រភេទសារធាតុពុលផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅទាន់ទទួលបានការឆ្លើយតបយ៉ាងណានោះទេពីសំណាក់ភាគីខាងប្រទេសឥណ្ឌា ហើយចំពោះករណីស្លាប់នេះទៀតសោធក៏គេនៅទាន់រកឃើញច្បាស់ថា ក្មេងៗបានស្លាប់ព្រោះតែសារធាតុពុលនៅក្នុងទឹកស៊ីរ៉ូ ឬស្លាប់ព្រោះតែញ៉ាំទឹកស៊ីរ៉ូលើសបរិមាណកំណត់ ឬក៏សា្លប់ដោយសារតែហេតុផលទាំង ២នេះបូកបញ្ចូលគ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

