Tesla ប្រកាសបញ្ចុះតម្លៃរថយន្ត Model 3 និង Model Y គ្រប់ជំនាន់ទាំងអស់ក្នុងប្រទេសចិនរហូតដល់ ១៣.៥ភាគរយ
(បរទស)៖ Tesla ប្រកាសបញ្ចុះតម្លៃរថយន្តគ្រប់ជំនាន់សម្រាប់ត្រកូល Model 3 និង Model Y របស់ខ្លួននៅក្នុងប្រទេសចិនរហូតដល់ ១៣.៥ភាគរយ បន្ទាប់ពីការចែកចាយរថយន្តដែលផលិតនៅក្នុងប្រទេសចិនក្នុងខែធ្នូបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេល ៥ខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។
ប្រភពពីគេហទំព័ររបស់ Tesla ក្នុងប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមបញ្ចុះតម្លៃគ្រប់ជំនាន់ទាំងអស់សម្រាប់ម៉ូដែលរថយន្តទាំងពីរខាងលើចាប់ពី ៦ភាគរយ រហូតដល់ ១៣.៥ភាគរយ។ ជាទូទៅសម្រាប់តម្លៃរថយន្ត Model 3 គឺចាប់ផ្តើមពីតម្លៃ ៣៨,៧៨៥.៨២ដុល្លារ មកនៅត្រឹមតែ ៣៣,៤២៧.៨៤ដុល្លារប៉ុណ្ណោះ ចំណែកឯ Model Y វិញ គឺត្រូវបានទម្លាក់មកនៅត្រឹមតម្លៃ ៣៧,៩០៨.៩៦ដុល្លារ ពីតម្លៃដើម ៤២,១៣៨.៩០ដុល្លារ។
នេះមិនមែនជាលើកទី១ ទេដែល Tesla សម្រេចបញ្ចុះតម្លៃរថយន្តរបស់ខ្លួនក្នុងចំនួនដ៏ច្រើនបែបនេះ ដោយឡែកកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ Tesla ក៏បានបញ្ចុះតម្លៃរថយន្តទាំង ២ម៉ូដែលនេះដដែលដល់ខ្ទង់ ៩ភាគរយឯណោះ។ បន្ថែមពីនេះទៅទៀត Tesla ក៏បានផ្តល់ប្រាក់លើកទឹកចិត្តខ្ទង់ ១,៤៥៨.៨៣ដុល្លារដល់អតិថិជនរបស់ខ្លួនដែលបានជាវរថយន្តក្នុងប្រទេសចិនតាំងពីខែកញ្ញាមកផងដែរ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានដាក់លក់រថយន្តអគ្គិសនីដែលផលិតក្នុងប្រទេសចិនបានចំនួន ៥៥,៧៩៦គ្រឿងក្នុងអំឡុងខែធ្នូ ពោលគឺបានធ្លាក់ចុះខ្ទង់ ៤៤ភាគរយ បើធៀបនឹងលទ្ធផលដាក់លក់ក្នុងខែវិច្ឆិកា និងធ្លាក់ចុះខ្ទង់ ២១ភាគរយ បើធៀបនឹងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews



