ព័ត៌មានអន្តរជាតិ January 18, 2023

ម្យ៉ាងដែរ! បុរសម្នាក់ប្រកាសលក់ខ្យល់​បរិសុទ្ធនៅក្នុងចម្ការរបស់គាត់ ក្នុងតម្លៃ ១,០០០ បាត ក្នុងមួយម៉ោង

Khmerpress

បុរស​ម្នាក់​ក្នុង​ខេត្ត Chaiyaphum របស់ប្រទេសថៃ បាន​បង្កើត​វិធី​ថ្មី​មួយក្នុង​ការ​ទាក់​ទាញ​អ្នក​មក​ទស្សនា​កសិដ្ឋាន​របស់​គាត់​ ដោយការ «លក់ខ្យល់​បរិសុទ្ធ» នៅ​ក្នុង​តម្លៃ ១,០០០ បាត ​ក្នុង​មួយ​ម៉ោង។ លោក Dusit Kachai ដែលមានអាយុ ៥២ឆ្នាំ បានមានប្រសាសន៍ថា៖«ម៉ោងដំបូងមានតម្លៃ ១,០០០ បាត ប៉ុន្តែបន្ទាប់មកភ្ញៀវអាចស្នាក់នៅដោយមិនគិតថ្លៃ រួមទាំងអាហារ និងការបោះតង់ផងដែរ»។ កសិដ្ឋានរបស់គាត់មានទីតាំងនៅក្បែរឧទ្យានជាតិ Phu Laen Kha ដែលល្បីល្បាញដោយសារមានខ្យល់អាកាសបរិសុទ្ធ ព្រៃឈើ និងទន្លេភ្នំ។ លោកបានបន្ថែមថា កុមារ និងមនុស្សចាស់ អាចស្នាក់នៅដោយឥតគិតថ្លៃ។

លោក Dusit បានពន្យល់ថា មនុស្សកាន់តែច្រើនឡើងកំពុងស្វែងរកជម្រកធម្មជាតិ ដើម្បីគេចចេញពីការគំរាមកំហែងផ្នែកបរិស្ថាន ដូចជាការថយចុះអូហ្សូន ការប្រែប្រួលអាកាសធាតុ ការឡើងកម្ដៅផែនដី និងខ្យល់កខ្វក់។ លោក​ថា ក្នុង​នាម​ជា​លេខាធិការ​នៃក្រុម​បរិស្ថាន Asian Life លោក​ប្ដេជ្ញា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​បំផ្លាញ​បរិស្ថាន និង​ជួយ​លើក​កម្ពស់​គុណភាព​ខ្យល់។ គាត់បាននិយាយថា៖«ខ្ញុំមានទំនុកចិត្តថា គុណភាពខ្យល់នៅលើកសិដ្ឋានទំហំ ៧០រ៉ៃ របស់ខ្ញុំនៅចំកណ្តាលជ្រលងភ្នំ Phu Laen Kha គឺស្អាតណាស់ ដែលអាចលក់បានក្នុងតំលៃ ១,០០០ បាត ក្នុងមួយម៉ោងក្នុងមនុស្សម្នាក់»។ លោក​បាន​បន្ថែម​ថា៖ «កុំ​មក​ទី​នេះ ​ប្រសិន​បើ​អ្នក​មិន​អាច​បញ្ឈប់​ការ​បំផ្លាញ​ធម្មជាតិ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត