Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសពីកញ្ចប់ជំនួយយោធាថ្មី ២.៥ពាន់លានដុល្លារ ក្នុងនោះមានទាំងរថពាសដែក Stryker សម្រាប់អ៊ុយក្រែន

BY Khmerpress January 20, 2023
សហរដ្ឋអាមេរិក ប្រកាសពីកញ្ចប់ជំនួយយោធាថ្មី ២.៥ពាន់លានដុល្លារ ក្នុងនោះមានទាំងរថពាសដែក Stryker សម្រាប់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ហើយនៅក្រោមកញ្ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានការផ្ដល់ជាលើកដំបូងនូវរថពាសដែក Stryker និងរថពាសដែកប្រយុទ្ធ Bradley បន្ថែមដែលអាចនឹង ត្រូវបានប្រើទប់ទល់នឹងប្រតិបត្តិការវាយលុកសាជាថ្មីណាមួយរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ការប្រកាសពីកញ្ចប់ជំនួយយោធាថ្មីខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេសលោកខាងលិចជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេស អាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាពីការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន។ បើតាមមន្ទីរបញ្ចកោណ នៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះរួមមានរថពាសដែក Stryker ចំនួន៩០គ្រឿង និងរថពាសដែកប្រយុទ្ធ Bradley ចំនួន៥៩គ្រឿង បន្ថែមពីលើរថពាសដែកប្រយុទ្ធ Bradley ៥០គ្រឿងដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យ អ៊ុយក្រែន នៅក្រោមកញ្ចប់យោធាកាលពីពេលមុន។

គួរបញ្ជាក់ថា នៅក្រោមកញ្ចប់ជំនួយយោធាថ្មីខាងលើ ក៏មានគ្រាប់រំសេវសម្រាប់ប្រព័ន្ធមីស៊ីល HIMARS ដែលរុស្ស៉ីបានប្រើយ៉ាងមានប្រសិទ្ធភាពនៅលើសមរភូមិ នាពេលកន្លងមក។ ប៉ុន្តែមិនមានរថក្រោះប្រយុទ្ធ M1 Abrams ដែលអ៊ុយក្រែនបានស្នើសុំនោះទេ ខណៈមានសេចក្ដីរាយការណ៍ថាអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះធុនធ្ងន់ របស់ខ្លួនឱ្យអ៊ុយក្រែន បើសហរដ្ឋអាមេរិកធ្វើដូចគ្នានេះដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: