ព័ត៌មានអន្តរជាតិ January 20, 2023

​សាកសពក្មេងប្រុស​ដែលបាត់បង់ជីវិត នៅក្នុងគ្រឹះបេតុងជម្រៅ ​៣៥​ម៉ែត្រ ​ពេលនេះត្រូវបានគេយកចេញពីក្រោមដីរួចហើយ

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា សាកសពក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ដែលស្លាប់នៅក្នុងគ្រឹះបេតុងជម្រៅ ៣៥ម៉ែត្រ ត្រូវបានគេយកចេញពីក្រោមដីរួចរាល់ហើយ នៅព្រឹកថ្ងៃសុក្រនេះ។ សមាជិកក្រុមសង្គ្រោះ ២នាក់ មកពីនាយកដ្ឋាននគរបាលខេត្ត Dong Thap បំពាក់ដោយអុកស៊ីសែន បានចុះទៅក្រោមដីជម្រៅ ២៤ម៉ែត្រ ដែលក្មេងប្រុស Thai Ly Hao Nam បានជាប់គាំងនៅក្នុងគ្រឹះបេតុងនោះ ហើយបានប្រើប្រាស់ឧបករណ៍ជំនាញ ដើម្បីនាំយកសាកសពក្មេងប្រុសឡើងមកលើដី ដោយចំណាយ​ពេល​ជិត ២ ម៉ោង។ សាកសព​ក្មេងប្រុស Nam ត្រូវ​បានដាក់ក្នុងមឈូស និងដឹកតាម​រថយន្ត​​យក​មក​ផ្ទះ​ ដែលមានចម្ងាយ​​មួយ​គីឡូម៉ែត្រពីកន្លែងកើតហេតុ ដើម្បី​​ប្រគល់​ទៅឱ្យ​ក្រុម​គ្រួសារ​យក​ទៅធ្វើបុណ្យ។

អនុ​ប្រធាន​ខេត្តលោក Doan Tan Buu បានឱ្យដឹងថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត ​រួម​នឹង​ការ​ធ្វើ​កោសល្យ​វិច្ច័យ​នៅ​កន្លែង​កើតហេតុ មូលហេតុ​បឋម​បាន​កំណត់​ថា កុមារា Nam បានស្លាប់​ដោយសារ​របួស​ច្រើនកន្លែង​ពេលប៉ះនឹងរបស់​រឹង ខណៈ​ធ្លាក់​ចូល​ទៅក្នុងគ្រឹះបេតុងនោះ។ លោក​បាន​បន្ថែម​ថា បន្ទាប់​ពី​​សព​ក្មេង​ប្រុសត្រូវបានធ្វើបុណ្យរួចរាល់ អាជ្ញាធរ​ខេត្ត​នឹង​បញ្ជាឱ្យមាន​ការ​ស៊ើប​អង្កេត​ដើម្បី​បញ្ជាក់​ពី​មូលហេតុ និង​ដោះស្រាយលទ្ធភាពនៃការបំពានច្បាប់ណាមួយ។

រំលឹកផងដែរថា កុមារា Nam និងក្មេងចំនួន ៣នាក់ទៀត បានទៅការដ្ឋានសាងសង់ស្ពានក្នុងខេត្ត Dong Thap កាលពីថ្ងៃទី៣១ ខែធ្នូ ដើម្បីប្រមូលសំណល់ដែកទុកលក់អេតចាយ។ ក្មេងប្រុសដែលមានទម្ងន់ត្រឹមតែ ២០គីឡូក្រាមរូបនេះ បានធ្លាក់ចូលទៅក្នុងគ្រឹះបេតុង ដែលមានទំហំត្រឹមតែ ២៥ សង់ទីម៉ែត្រប៉ុណ្ណោះ។ គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ថា ​ក្មេង​ប្រុស​​ស្ថិត​នៅទីតាំងណានៅក្នុងគ្រឹះនោះ​ទេ ដោយសារតែគ្រឹះនោះមានជម្រៅជ្រៅ។ សាក្សី​បាន​និយាយ​ថា គាត់​បាន​ស្រែក​ឱ្យ​គេ​ជួយ​អស់​រយៈ​ពេល ១០ នាទី​បន្ទាប់​ពី​ធ្លាក់ចូលគ្រឹះ ប៉ុន្តែ​ក្រោយ​មក​ក៏បាត់មាត់ក្មេងប្រុស។ ក្រោយមកអាជ្ញាធរខេត្ត Dong Thap បានប្រកាសថា កុមារា Nam បានស្លាប់នៅថ្ងៃទី០៤ ខែមករា កន្លះខែមុននេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត