Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក Chris Hipkins នឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីនូវែលសេឡង់ថ្មី ជំនួសលោកស្រី Jacinda Ardern

BY Khmerpress January 21, 2023
លោក Chris Hipkins នឹងត្រូវក្លាយជានាយករដ្ឋមន្រ្តីនូវែលសេឡង់ថ្មី ជំនួសលោកស្រី Jacinda Ardern

(វែលីងតោន)៖ លោក គ្រីស ហ៉ីបគីន (Chris Hipkins) ដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចប្រឹងប្រែងឆ្លើយតបរបស់នូវែលសេឡង់ ចំពោះវិបត្តិជំងឺកូវីដ១៩ កំពុងត្រៀមក្លាយជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោកស្រី ចាស៉ីនដា​ អាដឺន (Jacinda Ardern) បន្ទាប់ពីរូបលោកគឺជា​បេក្ខជនតែមួយគត់ ដែលត្រូវបានគាំទ្រឱ្យឈរឈ្មោះ ដើម្បីដឹកនាំគណបក្សកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

លោក ហ៉ីបគីន ដែលមានអាយុ៤៤ឆ្នាំ ត្រូវគេរំពឹងថានឹងទទួលបាន ការអនុម័តជាផ្លូវការឱ្យឡើងធ្វើជាមេដឹកនាំថ្មី កំលុងកិច្ចប្រជុំមួយនៃសមាជិកសភាទាំង៦៤រូប របស់គណបក្សពលករ (Labour) ដែលជាបក្សកាន់អំណាច នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ នៅពេលគណបក្សពលករ ប្រកាសរូបលោកជាបេក្ខជនតែម្នាក់គត់ សម្រាប់តំណែងជាប្រធានថ្មី លោក ហ៉ីបគីន​ ផ្ទាល់ បានបង្ហាញក្តីត្រេកអរក៏ដូចជា​កិត្តិយស ក្នុងការដឹកនាំប្រទេសនូវែលសេឡង់។

អនាគតនាយករដ្ឋមន្រ្តីនូវែលសេឡង់រូបនេះ ពុំបានបង្ហើបឱ្យដឹងពីផែនការគោលនយោបាយរបស់ខ្លួនឡើយ។ បើតាមការអះអាងរបស់លោក គម្រោងរុះរើគណៈរដ្ឋមន្រ្តីដែលស្នើឡើងដោយ លោកស្រី​ អាដឺន គឺនឹងត្រូវអនុវត្ត ប៉ុន្តែរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក ហ្ក្រេន រ៉ូបឺតសុន (Grant Robertson) ទំនងជានឹងនៅរក្សាតួនាទីដដែល។ លោក ហ៉ីបគីន បានបន្ថែមទៀតថា លោកក៏បានសន្ទនា​ជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) ផងដែរ។

គួរបញ្ជាក់ថា ក្នុងសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកស្រី អាដឺន បាននិយាយថា លោកស្រីហាក់លែង​មានថាមពលទៀតហើយ ក្នុងការដឹកនាំប្រទេសនូវែលសេឡង់ ហេតុដូច្នេះលោកស្រីនឹងចុះចេញពីតំណែង។ លោក ហ៉ីបគីន នឹងកាន់តំណែងនាយករដ្ឋមន្រ្តី រហូតដល់ចប់អាណត្តិគ្រប់គ្រងរបស់បក្ស ខណៈការបោះឆ្នោតសកល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: