Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Meta ប្រកាសនឹងស្ដារគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ឆាប់ៗនេះ

BY Khmerpress January 26, 2023
ក្រុមហ៊ុន Meta ប្រកាសនឹងស្ដារគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ឆាប់ៗនេះ

Meta Platforms បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងស្ដារគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រោយពីការផ្អាករយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្មនៅវិមានកាពីតូលដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ មានអ្នកតាមដានចំនួន ៣៤ លាននាក់ នៅលើ Facebook និង ២៣ លាននាក់ នៅលើ Instagram ដែលជាវេទិកាដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយនយោបាយ និងការរៃអង្គាសថវិកា។ ក្រុមហ៊ុនក៏បាន​និយាយ​នៅ​ក្នុង blog របស់​ខ្លួនដែរថា​ «បានដាក់​របាំង​ការពារ​ថ្មី​ដើម្បី​ទប់ស្កាត់​បទល្មើស​ដដែលៗ» បន្ថែមទៀត។

លោក Nick Clegg ប្រធានកិច្ចការពិភពលោករបស់ Meta បានសរសេរថា៖«ក្នុងករណីដែលលោក ត្រាំ បង្ហោះខ្លឹមសារបំពានបន្ថែមទៀត ខ្លឹមសារនឹងត្រូវបានដកចេញ ហើយគាត់នឹងត្រូវផ្អាកពីមួយខែទៅ ២ឆ្នាំ អាស្រ័យលើទំហំនៃការរំលោភបំពាន»។

ការសម្រេចចិត្តហាមឃាត់លោក ត្រាំ គឺជាបញ្ហាធំមួយសម្រាប់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ដោយសារពួកគេមិនដែលបិទគណនីរបស់ប្រមុខរដ្ឋសម្រាប់ការរំលោភលើច្បាប់មាតិការនោះទេ។ ក្រុមហ៊ុនបានដកហូតសិទ្ធិចូលប្រើគណនី Facebook និង Instagram របស់លោក ត្រាំ ដោយគ្មានកំណត់ បន្ទាប់ពីបានលុបការបង្ហោះរបស់គាត់ចំនួន ២ ក្នុងអំឡុងពេលអំពើហិង្សានៅវិមានកាពីតូល រួមទាំងវីដេអូដែលគាត់បាននិយាយឡើងវិញនូវការអះអាងមិនពិតរបស់គាត់ អំពីការក្លែងបន្លំអ្នកបោះឆ្នោតដែលរីករាលដាលក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: