ព័ត៌មានអន្តរជាតិ May 24, 2021

គូស្នេហ៍ឥណ្ឌាមួយគូប៉ាវយន្តហោះ ដើម្បីជិះរៀបការនៅលើអាកាសដោយមានភ្ញៀវ ១៦១នាក់ចូល ក្រោយអាជ្ញាធរហាមមិនឲ្យរៀបការនៅទីសាធារណៈក្នុងសម័យកូវីដ ១៩(មានវីដេអូ)

Khmerpress

ឥណ្ឌា៖ នៅក្នុងអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាត អាជ្ញាធរនៃប្រទេសជាច្រើនបានហាមមិនឲ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការធំដុំនៅតាមទីសាធារណៈឡើយ ដើម្បីបញ្ចៀសការចម្លងមេរោគនៅក្នុងចំណោមក្រុមមនុស្សដែលបានទៅចូលរួមកម្មវិធីនោះ។ ក្នុងកាលៈទេសៈបែបនេះ គូស្នេហ៍មួយចំនួនបានសម្រេចពន្យាពេលរៀបការឬរៀបចំពិធីមង្គលជាលក្ខណៈតូចតាចដោយគ្រាន់តែមានការចូលរួមពីសំណាក់ឪពុកម្តាយទាំងសងខាងនិងចាស់ទុំពីរបីនាក់តែប៉ុណ្ណោះ។ យ៉ាងណាក្តី គូស្នេហ៍ជនជាតិឥណ្ឌាមួយគូបានជ្រើសរើសវិធីប្លែកគេមួយដើម្បីរៀបការ គឺពួកគេបានជួលយន្តមួយគ្រឿងនិងអញ្ជើញភ្ញៀវចំនួន ១៦១នាក់ ហើយជិះទៅរៀបការនៅលើអាកាសយ៉ាងរីករាយ ដែលសកម្មភាពនេះមិនបានខុសពីសេចក្តីណែនាំរបស់អាជ្ញាធរឡើយ ព្រោះនាពេលកន្លងមកអាជ្ញាធរបានហាមត្រឹមមិនឲ្យរៀបចំពិធីមង្គលការនៅទីសាធារណៈ តែមិនដែលហាមរឿងរៀបការនៅលើអាកាសនោះទេ។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន News18 បានឲ្យដឹងថា ពិធីមង្គលការដ៏ពិសេសនេះបានរៀបចំឡើងកាលពីថ្ងៃអាទិត្យទី ២៣ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងក្រុង  Madurai រដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ចំពោះយន្តហោះដែលគេបានប្រើប្រាស់ជាកន្លែងរៀបចំពិធីមង្គលការវិញគឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ SpiceJet Boeing 737។ យ៉ាងណាក្តី ពិធីរៀបការនៅលើយន្តហោះនេះមិនមានរយៈពេលយូរដូចពិធីមង្គលការធម្មតាឡើយ ដោយគេបានជួលយន្តហោះឲ្យបើកត្រឹមរយៈពេលតែ ២ ម៉ោងប៉ុណ្តោះ ព្រោះការជួលយន្តហោះជាលក្ខណៈឯកជនដូចនេះគឺមានតម្លៃខ្ពស់ខ្លាំងណាស់។

ផ្តល់សិទ្ធិដោយ៖ Khmernote