ក្លឹប Man City នឹងជួលកំពូលមេធាវីដែលគិតថ្លៃឈ្នួល $6,000 ក្នុងមួយម៉ោង ដើម្បីការពាររឿងក្ដី
ក្រុមការពារក្ដីរបស់ក្លឹប Manchester City ប្រឆាំងនឹងការចោទប្រកាន់របស់ Premier League នឹងត្រូវដឹកនាំដោយមេធាវីដ៏ល្បីម្នាក់ គឺលោក Lord Pannick KC ដែលគាត់ក៏ធ្លាប់យកឈ្នះរឿងក្ដីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Boris Johnson ជុំវិញការស៊ើបអង្កេត Partygate។ ក្លឹប Manchester City បានរងការចោទប្រកាន់ច្រើនជាង ១០០ ករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League ក្នុងរយៈពេល ៩ឆ្នាំ ហើយប្រសិនបើមានពិរុទ្ធ ក្លឹបនេះប្រឈមមុខនឹងការកាត់ពិន្ទុ ឬការបណ្តេញចេញពីក្របខ័ណ្ឌកំពូលអង់គ្លេស Premier League តែម្ដង។
មេធារីលោក Lord Pannick KC ក៏ធ្លាប់ជាអ្នកដើរតួសំខាន់ ក្នុងការប្រឆាំងនឹងការសម្រេចរបស់ UEFA ជុំវិញការហាមឃាត់ Manchester City មិនឱ្យចូលរួមការប្រកួតកំពូលអឺរ៉ុប Champions League រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ២០២០។ ក្នុងនាមជាមេធាវីម្នាក់ នៅក្នុងចំណោមអ្នកការពារក្ដីដ៏ល្បីបំផុតនៅក្នុងប្រទេស លោក Pannick ធ្លាប់បានផ្ដួលរដ្ឋាភិបាលរបស់លោក Boris Johnson នៅក្នុងតុលាការកំពូល ពាក់ព័ន្ធនឹងការបញ្ចប់សម័យប្រជុំសភាដ៏គួរឱ្យភ្ញាក់ផ្អើលកាលពី ៤ឆ្នាំមុន។
លោក Pannick ត្រូវបានគេរាយការណ៍ថា នឹងគិតប្រាក់ប្រហែល ៥,០០០ ផោនក្នុងមួយម៉ោង (៦,០២២ដុល្លារ) ប៉ុន្តែសម្រាប់ក្លឹប Manchester City គឺអាចនឹង ៨០,០០០ ផោនក្នុងមួយថ្ងៃ ឬ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ប្រសិនបើត្រូវឡើងតុលាការ៕

