ក្រុមហ៊ុន Zoom ប្រកាសបញ្ឈប់បុគ្គលិក ១,៣០០នាក់ ហើយ CEO ប្រកាសកាត់ប្រាក់ខែខ្លួនឯង ៩៨%
ថ្មីៗនេះ Zoom បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកប្រហែល ១,៣០០នាក់ ឬ ១៥% នៃកម្លាំងការងាររបស់ខ្លួន។ យោងតាម CNBC បន្ទាប់ពីការប្រកាសពីការបញ្ឈប់បុគ្គលិក លោក Eric Yuan នាយកប្រតិបត្តិក្រុមហ៊ុន Zoom បានសរសេរនៅក្នុងប្រកាសថាពួកគេត្រូវកាត់បន្ថយដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏ដូចជាការចំណាយរបស់ក្រុមហ៊ុនគឺខ្ពស់ពេក។
Zoom មានភាពពេញនិយមខ្លាំង ក្រោយពីផ្ទុះឡើងនៃជំងឺកូវីដ ដោយសារមនុស្សត្រូវបានធ្វើការនៅផ្ទះហើយងាកទៅប្រើកម្មវិធីជជែកតាមអ៊ីនធឺណិត ដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តរួមការងារ មិត្តភក្តិ ឬក្រុមគ្រួសារ។
ការកាត់បន្ថយបុគ្គលិកនេះនឹងប៉ះពាល់ដល់គ្រប់ផ្នែកនៃ Zoom ហើយនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារនឹងទទួលបានប្រាក់ឈ្នួលប្រហែល១៦សប្តាហ៍ រួមជាមួយនឹងការធានារ៉ាប់រងសុខភាព។ នាយកប្រតិបត្តិក្រុមហ៊ុន Zoom ក៏បាននិយាយផងដែរថា គាត់គ្រោងនឹងកាត់បន្ថយប្រាក់ខែផ្ទាល់ខ្លួនរបស់គាត់ចំនួន ៩៨% និងមិនយកប្រាក់ Bonus ឡើយ។
លោក Yuan បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងនាមជាស្ថាបនិក និងជា CEO ខ្ញុំត្រូវទទួលខុសត្រូវចំពោះកំហុសឆ្គងក្នុងការងាររបស់ Zoom ហើយខ្ញុំចង់បង្ហាញការទទួលខុសត្រូវមិនត្រឹមតែជាមួយនឹងពាក្យសំដីរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងសកម្មភាពរបស់ខ្ញុំផងដែរ»។
ការប្រកាសបញ្ឈប់ការងាររបស់ក្រុមហ៊ុន Zoom គឺជាការកាត់បន្ថយការងារចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ខណៈដែល Dell ក៏បានប្រកាសពីផែនការកាត់បន្ថយការងារចំនួន ៦,៦៥០ ផងដែរ។ កាលពីខែមករា ក្រុមហ៊ុន Google ក៏បានប្រកាសពីគម្រោងបញ្ឈប់បុគ្គលិកជាង ១២,០០០នាក់ ខណៈ Microsoft គ្រោងនឹងកាត់បុគ្គលិកចំនួន ១០,០០០នាក់៕ ប្រភព៖ zingnews


