ព័ត៌មានអន្តរជាតិ
កាតា បញ្ជូនផ្ទះចល័ត ប្រើក្នុងព្រឹត្តិការណ៍ World Cup ទៅតំបន់រងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅតួកគី និងស៊ីរី
BY Naren
February 15, 2023
(ដូហា)៖ កាតា នឹងបញ្ជូនផ្ទះចល័ត ចំនួន១០,០០០ខ្នង ដែលបានប្រើប្រាស់ជាកន្លែងស្នាក់នៅ អំឡុងពេលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី នៅក្នុងប្រទេសតួកគី និងស៊ីរី, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
មនុស្សជិត៤០,០០០នាក់ ត្រូវបានគេជឿជាក់ថា បានស្លាប់ ក្នុងគ្រោះរញ្ជួយដីចំនួន២លើក ដែលបានវាយប្រហារលើប្រទេសទាំងពីរ កាលពីសប្តាហ៍មុន។ មនុស្សជាង១លាននាក់ ពុំមានផ្ទះស្នាក់នៅ ក្នុងប្រទេសតួកគី ហើយចំនួនអាចច្រើនជាងនេះ ក្នុងប្រទេសស៊ីរី, នេះបើតាមអង្គការផ្តល់ជំនួយ បានព្រមាន។
Qatari Fund for Development ដែលជាស្ថាប័នរដ្ឋាភិបាល ទទួលខុសត្រូវលើកិច្ចការអន្តរជាតិ លើការអភិវឌ្ឍ និងផ្តល់ជំនួយបរទេស បានបង្ហោះវីដេអូស្តីពីផ្ទះស្នាក់នៅចំនួនដំបូង ត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS


